ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិការ បច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ ក្រោមប្រធានបទ “ បំលែងបែបឌីជីថលក្នុងវិស័យសុខាភិបាល ”

1378

ព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.- CBRD Fund) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ ក្រោមប្រធានបទ “ បំលែងបែបឌីជីថលក្នុងវិស័យសុខាភិបាល ” ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ វ៉េង ថៃ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរពេទ្យ សាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យា សហគ្រិន និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ អ្នកជំនាញការជាតិ និងអន្តរជាតិ អង្គភាពពាក់ព័ន្ធនានាប្រមាណ ៣០០នាក់។

វេទិកានេះរៀបចំឡើងដោយវិទ្យាស្ថានជាតិ NIPTICT និងសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រុមហ៊ុន Metfone និងមូលនិធិ ស.អ.- CBRD Fund ដែលផ្តល់ឱកាសដល់អ្នកចូលរួមបានជួប និងទទួលចំណេះដឹងពីវាគ្មិន និងអ្នកជំនាញល្បីៗ ដែលនឹងពិភាក្សាលើប្រធានបទសំខាន់ៗ ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល និងការពិភាក្សាអំពីវិធីសាស្ត្រ ដែលកម្ពុជាអាចបង្កើតប្រព័ន្ធថែទាំសុខភាព ដែលល្អប្រសើរ ទទួលបាននូវការជឿទុកចិត្តខ្ពស់ពីសំណាក់ប្រជាជន ក៏ដូចជាភ្ញៀវបរទេសដែលមានវត្តមាននៅកម្ពុជា។

ថ្លែងក្នុងពិធីបើកវេទិកានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា វេទិកានេះ ជាព្រឹត្តិការណ៍ថ្មីមួយដែលស្ថិតក្នុងក្របខណ្ឌនៃកម្មវិធី “ Digital Cambodia ” ដែលជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងត្រៀមខ្លួនដើម្បីចាប់យកកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា វេទិកាថ្ងៃនេះ ផ្តោតសំខាន់លើប្រធានបទចំនួន៣ គឺទី(១).កាលានុវត្តភាព និងបញ្ហាប្រឈមនៃបំលែងបែបឌីជីថលក្នុងវិស័យសុខាភិបាល ទី(២).កំណត់ត្រាសុខភាពអេឡិកត្រូនិកជាតិ និងទី(៣).ដំណើរឆ្ពោះទៅរកមន្ទីរពេទ្យ និងមន្ទីរពិសោធន៍ឆ្លាតវៃ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានចំណាប់អារម្មណ៍ចំពោះប្រព័ន្ធមួយដែលហៅថា Telemedicine គឺជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យា ICT ជួយដល់គ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រ អាចពិនិត្យ ព្យាបាល និងតាមដានជម្ងឺពីចម្ងាយបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអោយ ស្ថាប័នជំនាញពាក់ព័ន្ធ និងបច្ចេកវិទ្យា និងសុខាភិបាល ពិចារណាវិនិយោគ ក៏ដូចជាលើកគម្រោង ប្រើប្រាស់ប្រព័ន្ធ Telemedicine ដើម្បីចូលរួមជួយកាត់បន្ថយគម្លាតសេវា សុខាភិបាល រវាងជនបទ និងទីក្រុង នៅកម្ពុជា។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមថា វេទិកាពិភាក្សានេះនឹងផ្តល់ជាចំណេះដឹងថ្មីៗដល់អ្នកចូលរួមទាំងអស់ ក៏ដូចជារួមចំណែកផ្តល់ជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាផងដែរ៕