ពិធីបញ្ចុះបឋមសិលា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center)

1332

ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បាន​ប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារ មជ្ឈមណ្ឌល​បច្ចេកវិទ្យា (Tech Center) ក្រោម​អធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ.  ដោយមាន​ការ​ចូលរួមពី​សំណាក់ថ្នាក់ដឹកនាំ​​នៃ​ក្រសួងប.ទ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាង​ក្រុមហ៊ុនមិត្តហ្វូន មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. សាស្ត្រាចារ្យ ​និស្សិត​ NIPTICT និងស្ថាប័នដែលជាដៃគូនានា។

មជ្ឈមណ្ឌលបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេសថា Tech Center) សាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ប.គ.ព (មូលនិធិ ស.អ.) ដែលជាមូលនិធិមួយកើតចេញអំពីការចង្អុលបង្ហាញពីច្បាប់ស្តីពីទូរគមនាគមន៍ ដោយកំណត់ឱ្យប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន ០១ ភាគរយនៃចំណូលដុលដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវនិងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទ-ប.គ.ព របស់កម្ពុជា។

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ០៤ ជាន់ និង​ទំហំ​អគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។

អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និង ប្រែក្លាយ   សមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត(AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech) ។ល។ ​

ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាសេនាធិការនៃការអនុវត្តគម្រោង ស.អ. បានមានប្រសាសន៍ថា ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ​ នឹងចូលរួមជំរុញដល់ការស្រាវជ្រាវរបស់សិស្ស-និស្សិតលើវិស័យបច្ចេកវិទ្យា ហើយកិច្ចការនេះស្របទៅនឹងផែនការ ស.អ. និងគោលដៅទី២ របស់វិទ្យាស្ថានជាតិ NIPTICT គឺការស្រាវជ្រាវវិទ្យាសាស្ត្រលើ​បច្ចេកវិទ្យាឌីជីថលផងដែរ។

តំណាងក្រុមហ៊ុន Viettel (Cambodia) បានមានប្រសាសន៍ថា ក្រុមហ៊ុន Viettel (Cambodia) ពិតជាមានសេចក្តីសោនស្សរីករាយជាខ្លាំងដែលបានចូលរួមចំណែកជំរុញដល់ការកសាងធនធានមនុស្សលើកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យឌីជីថលនេះ។ លោក បានបន្តទៀតថា តាមរយៈអគារនេះ សិស្សនិស្សិត នឹងទទួលបាន       បទពិសោធន៍ថ្មីៗទាំងចំពោះការសិក្សានិងការប្រកបការងារ ដែលវានឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

ថ្លែងក្នុងសុន្ទរកថាក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមូល-និធិ ស.អ. សម្រេចឱ្យវិទ្យាស្ថានជាតិ NIPTICT អនុវត្តគម្រោងសាងសង់ Tech Center នេះគឺដើម្បីជំរុញដល់ការស្រាវជ្រាវនិងការអភិវឌ្ឍនៅកម្ពុជា ដោយអគារនេះនឹងបង្កើតជាទីកន្លែងមួយសម្រាប់ធ្វើកិច្ចសហប្រត្តិបត្តការក្នុងកិច្ចការស្រាវជ្រាវស្របនឹងតម្រូវការទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដោយមានការចូលរួមពីស្ថាប័នស្រាវជ្រាវសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេវិទ្យាឌីជីថលដើម្បីជួយដល់វិស័យផ្សេងៗ ដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងចាប់យកកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជាសមិទ្ធផលទីពីរនៃការសាងសង់ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ១៨ ខែ។ ចំពោះអគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលជាសមិទ្ធផលទី១ នឹងត្រូវដាក់ឱ្យដំណើរការក្នុងដើមឆ្នាំ២០២០ ខាងមុខនេះ។