រកឃើញជ័យលាភី Smart TechTalk & Seedstars Pitch ក្នុងព្រឹត្តិការណ៍ BarCamp ASEAN 2019

1333

ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយ​មាន​ការ​គាំទ្រពីក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ​ យុវជន និងកីឡា កម្មវិធី ​BarCamp ASEAN ២០១៩ ក្រោមប្រធានបទ “Together Towards a Digital Future” លើកទី ១២ ត្រូវបានរៀបចំឡើងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​អធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព​និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនា​គមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(មូលនិធិ ស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ.។

ព្រឹត្តិការណ៍ BarCamp ASEAN 2019 មានគោលបំណងប្រមូលផ្តុំអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យាទាំងក្នុងស្រុកនិងអន្តរជាតិមកចែករំលែកនិងពិភាក្សាអំពីការវិវត្តនៃបច្ចេកវិទ្យាដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម​ជំនាន់ទី៤។ ឆ្លើយតបនឹងបរិបថនិងនិន្នាការបច្ចេកវិទ្យានៅកម្ពុជា ព្រឹត្តិការណ៍ BarCamp ASEAN 2019 នឹងចូលរួមជំរុញនិងផ្សព្វផ្សាយវឌ្ឍនភាពវិស័យឌីជីថលឱ្យបានពេញផ្ទៃប្រ​ទេស។ ព្រឹត្តិការណ៍នេះ មានរយៈពេល​ ០២ (ពីរ) ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ និងមានសកម្មភាពនិងកម្មវិធីចម្បងៗ ដូចជា ការធ្វើបទបង្ហាញអំពី Transformation of lifestyle through digital finance, The Future of Digital Marketing and Communications, Women in Energy Business, Accelerating Businesses in Digital Era, កម្មវិធី Breakout session ចំនួន ០៧ (ប្រាំពីរ), ការបង្ហាញអំពីសម្ភារៈបច្ចេកវិទ្យានិងសេវា និងកម្មវិធី ASEAN Rice Bowl Startup Awards for Cambodia 2019។

ក្នុងអំឡុងពេល BarCamp ASEAN 2019 នេះ វិទ្យាស្ថានជាតិ NIPTICT សហការជាមួយក្រុមហ៊ុន Smart Axiata ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភពីមូលនិធិ ស.អ. បានរៀបចំកម្មវិធីចំនួន ០៣ (បី) មានដូចជា៖

១. កម្មវិធី Smart TechTalk  ជាកម្មវិធីដែលអនុញ្ញាតឱ្យវាគ្មិនជាតិនិងអន្តរជាតិ មកពីបណ្តាក្រុមហ៊ុនអន្តរជាតិធំៗ ធ្វើការចែករំលែកពីប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល ដែលមានដូចជា Building a Culture of Rapid Innovation, Transforming Barriers into Convenience, Breakthough Digital Leadership, Asking Your Way to Scale, Endless Opportunities with Ideamart និងHow to Survive?

២. កម្មវិធី Seedstars Lean Launchpad ជាកម្មវិធីប្រកួតប្រជែងសម្រាប់សិស្សវិទ្យាល័យដែលមានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សដែលកំពុងតែសិក្សាពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលមានទេពកោសល្យនិងសមត្ថភាពក្នុងការអភិវឌ្ឍគំនិតអាជីវកម្មបែបច្នៃប្រឌិតដើម្បីផ្តល់ដំណោះស្រាយទៅលើបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ និងវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតប្រជែងនេះ មានការចូលរួមពីសិស្សានុសិស្សចំនួន៩០ រូប ដែលត្រូវបានបែងចែកជា២០ ក្រុម និងត្រូវបានជម្រុះមកត្រឹម១២ ក្រុម។ បន្ទាប់មកទៀត គណៈកម្មការជម្រុះបន្តមកត្រឹម ៦ ក្រុម និងត្រូវបានអនុញ្ញាតឱ្យក្រុមទាំង ០៦ នេះចូលរួមធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មការវគ្គផ្តាច់ព្រ័ត្រ។ ក្នុងការប្រកួតប្រជែង ក្រុមកំពូល (Top 3 teams) ចំនួន ០៣ ត្រូវបានជ្រើសរើសរួមមាន ក្រុម ១. Big Dream ២. ក្រុម Eco-Local និង ៣.ក្រុម Apollo Express។ ក្រុមលេខ១ (Big Dream) ដែលទទួលបានជ័យលាភីក្នុងកម្មវិធី Seedstars Lean Launchpad ទទួលបានសំបុត្រចូលរួមកម្មវិធីហ្វឹកហ្វើនក្នុងព្រឹត្តិការណ៍ Seedstars Asia Summit និងទូរស័ព្ទវៃឆ្លាតម្នាក់មួយគ្រឿង។

៣. កម្មវិធី Seedstars Phnom Penh ជាកម្មវិធីប្រកួតប្រជែងមួយដែលប្រមូលផ្តុំនូវអាជីវកម្មបង្កើតថ្មីក្នុងវិស័យ ប.គ.ព. (Tech Startups) ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសក្តានុពល មកប្រកួតប្រជែងស្វែងរកជ័យលាភី ដើម្បីចាប់យកឱកាសចូលរួមកម្មវិធី Seedstars Asia Summit ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ The Factory Phnom Penh និង Seedstars Global Summit នៅប្រទេសស្វីស ក៏ដូចជាបានឱកាសទទួលបានការហ្វឹកហ្វើនបន្ត។ ក្រុមចំនួន ០៦ បានចូលរួមធ្វើបទបង្ហាញចំពោះមុខគណៈកម្មការ ហើយក្រុមកំពូលចំនួន០៣ (Top 3 Teams) ត្រូវបានទទួលជ័យលាភី រួមមាន ១. ក្រុម Sala ២. ក្រុម Morakot និង៣. ក្រុម Youadme។

ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ Barcamp ASEAN 2019 ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួង​ប.ទ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិស.អ. បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្ស និស្សិត និងអ្នកចូលរួម ឱ្យពិចារណាជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយហេតុថាជំនាញទាំងនេះគឺជាជំនាញដែលមានសក្តានុពល ទីផ្សារការងារទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល ត្រង់ចតុកោណទី១ មុំទី១ អំពីការអភិវឌ្ឍធនធានមនុស្ស និងចតុកោណទី២ មុំទី៣ អំពីការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ផងដែរ។  ឯកឧត្តម បានបន្តទៀតថាដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ Ecosystem ដើម្បីបន្តបង្កើននិងពង្រឹងធនធានមនុស្សផ្នែកឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល តាមរយៈការផ្តល់មូលនិធិដើម្បីគាំទ្រ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត។

គួរបញ្ជាក់ផងដែរថា កម្មវិធី Barcamp ASEAN 2019 មានអ្នកចូលរួមសរុប ប្រមាណ ៥០០០ នាក់និងទទួលបានការចូលរួមជាដៃគូនិងគាំទ្រដោយក្រុមហ៊ុន និងអង្គការជាង ៣០ ព្រមទាំងមានវាគ្មិនចំនួន៩៧ រូប ធ្វើបទបង្ហាញឬ/និងពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថលចំនួន ៧៥ ប្រធានបទ។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ ចំនួន ៨៤ ស្តង់ផងដែរ។