កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019

941

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019 ​ដោយមានការចូលរួមពីធុរកិច្ចចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups), អាជីវកម្មពាក់ព័ន្ធ (Tech Related Startups), មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ., តំណាងវិទ្យាស្ថានជាតិ NIPTICT, អ្នកសារព័ត៌មាន, និងភាគីពាក់ព័ន្ធក្នុងកម្មវិធី Digital Cambodia 2019។ កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019 ដែលឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ដូចជាដើម្បីប្រមូលធាតុចូលបន្ថែមពី Tech Startups កម្ពុជា និងភាគីពាក់ព័ន្ធក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកម្ពុជាអាចទាញប្រយោជន៍ជាអតិប្បរមាពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Seedstars Asia Summit​ 2019  គឺជាកម្មវិធីប្រកួតប្រជែងកម្រិតតំបន់និងការបង្ហាញពីសក្តានុពលក្រុមហ៊ុន (Pitching) ដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងកម្រិតពិភពលោក (Seedstars Global Summit)។ ព្រឹត្តិការណ៍ Seedstars Regional Summit នេះ នឹងរៀបចំឱ្យមានការជួបជុំគ្នារវាងធុរកិច្ចបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups) មកពីប្រទេសតំបន់អាស៊ីដែលមានទីផ្សារផ្សេងៗគ្នាចំនួន១៨  និងរាល់បុគ្គលដែលចូលរួមបង្កើតនិងជំរុញ Ecosystem នៃធុរកិច្ចបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា។ កម្មវិធី Seedstars Regional Summit មានរយៈពេល ០៣ (បី)ថ្ងៃ។ ក្នុងកំឡុង​ ០២ (ពីរថ្ងៃ) ដំបូង មានកម្មវិធី Bootcamp និងវេទិកាវិនិយោគ ដោយក្នុងនោះ ធុរកិច្ចបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យានឹងត្រូវទទួលបានការបណ្តុះបណ្តាល​, ទទួលឱកាសប្រជុំទ្វេភាគីជាមួយអ្នកណែនាំ (Mentors) និងវិនិយោគិន (Investors) ក្នុងក្របខណ្ឌតំបន់ និងចូលរួមក្នុងកម្មវិធីបង្កើតទំនាក់ទំនង (networking) ផងដែរ។ ចំពោះថ្ងៃទី៣ គឺជាថ្ងៃប្រកួតប្រជែងរវាងធុរកិច្ចចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យា សិក្ខាសាលា និងកិច្ចពិភាក្សា (keynotes/panels) និងកម្មវិធីបង្កើតទំនាក់ទំនង (networking)។

លោក គង់ សូលីយ៉ា សហស្ថាបនិកនៃ Joonaak Delivery ដែលជា Tech Startup កម្ពុជា ចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ (Top 12) ក្នុងព្រឹត្តិការណ៍ Seedstars Global Summit នៅទីក្រុង Lausanne នៃប្រទេស Switzerland កាលពីខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ បានមានចែករំលែកនូវបទពិសោធន៍និងចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ Seedstars ថា ព្រឹត្តិការណ៍ Seedstars មិនគ្រាន់តែជាការប្រកួតប្រជែងដើម្បីយកជ័យលាភីនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះនឹងផ្តល់ឱ្យអ្នកចូលរួមទទួលបាននូវឱកាសពង្រឹងសមត្ថភាពបន្ថែម បង្កើតបណ្តាញនិងទំនាក់ទំនង និង/ឬ ទទួលបានការផ្តល់ទុនវិនិយោគទៅលើអាជីវកម្មរបស់ខ្លួនផងដែរ។ ក្នុងន័យនេះ លោក ជំរុញឱ្យ Tech Startups កម្ពុជាទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍ Seedstars នាពេលខាងមុខឱ្យបានច្រើន។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit​ 2019   មានគោលបំណង ១. ទាក់ទាញវិនិយោគិនបរទេសមកវិនិយោគជាមួយ Tech Startups កម្ពុជា, ២. បង្ហាញអំពីសមត្ថភាពរបស់ Tech startups និង tech startup Ecosystem កម្ពុជា, ៣. គាំទ្រដល់យុវជនដែលមានទេពកោសល្យ (Young Talents) ក្នុងការធ្វើនវានុវត្តន៍ និងចូលរួមបង្ហាញសមត្ថភាពនិងទេពកោសល្យរបស់យុវជនខ្មែរទៅកាន់ពិភពលោក, ៤. សម្របសម្រួលក្នុងការបង្កើតបណ្តាញរវាង Tech startups នឹង Tech startups ក្នុងតំបន់ និង Tech startups ជាមួយវិនិយោគគិន, និង៥. ជំរុញឱ្យ Tech startups កម្ពុជាអាចមានឱកាសពង្រីកខ្លួនបន្ថែម។ ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ (ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤) របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម បានលើកទឹកចិត្តនិងជំរុញឱ្យ Tech startups កម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Seedstars Phnom Penh នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដើម្បីចាប់យកឱកាសចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Seedstars Asia Summit​ 2019 និង Seedstars Global summit​ 2020 ដើម្បីបន្តដាក់បង្ហាញកម្ពុជានៅលើផែនទីពិភពលោកនៃ tech startups ដូចនៅឆ្នាំ២០១៩៕