​ពិធី​​ដាក់ឱ្យដំណើរការបន្ទប់កុំព្យូទ័រនៅខេត្តកំពង់ឆ្នាំង

1069

នៅថ្ងៃទី១៤ និង១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងប្រធាន​ក្រុមប្រឹក្សាភិបាល​​មូលនិធិ​កាតព្វកិច្ច​សេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.) អមដំណើរដោយ​គណៈប្រតិភូក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍, ​​អនុប្រធាន​ និងសមាជិក​នៃក្រុមប្រឹក្សាមូលនិធិ ស.អ. និង ក.ម.ក.ស.ទ. បានអញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​​ប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និង​ការដាក់​ឱ្យ​ដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោម​ក្របខ័ណ្ឌ​មូលនិធិ ស.អ. និង មូលនិធិ ក.ស.ទ. នៅវិទ្យាល័យហ៊ុនសែន កំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀន ប.គ.ព. និង​ការដាក់​ឱ្យ​ដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀន ប.គ.ព. ត្រូវបានបំពាក់រួចរាល់នៅវិទ្យាល័យហ៊ុនសែន កំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ខេត្តកំពង់ឆ្នាំង ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោង ស.អ. និងបន្ទាប់ពីស្ថានីយអង់តែនទូរស័ព្ទចល័តត្រូវបានស្ថាបនារួចរាល់នៅក្នុងស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌអនុវត្តកម្មវិធី ក.ស.ទ.។គម្រោងការបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង​អប់រំ យុវជន និងកីឡា និងទទួលបានការឧបត្ថម្ភពីមូលនិធិ ស.អ. ដោយប្រើប្រាស់ចំណែកវិភាគទានមូលនិធិ ស.អ. បង់ដោយក្រុមហ៊ុន Viettel (Cambodia)។

គម្រោងនេះ មានគោលបំណងចម្បងធានានូវនិរន្តភាពនិងប្រសិទ្ធភាពនៃការពង្រីក​ការបណ្ដុះបណ្ដាល​បំណិន​វិជ្ជាជីវៈ ICT នៅ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ជួយ​សិស្សានុសិស្ស​​ឱ្យសម្រប​​ខ្លួន​​បាន​យ៉ាង​​ល្អ​ប្រសើរ​​​​ទៅ​​នឹង​​ទីផ្សារ​​ការងារ​​នៃ​​យុគសម័យ​​សេដ្ឋកិច្ចពុទ្ធិ បច្ចេកវិទ្យាជំនាន់ទី៥ និងឧស្សាហកម្មទី៤។ លក្ខណៈពិសេសនៃគម្រោងនេះ ធៀបទៅនឹងគម្រោងដែលត្រូវបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ឬដៃគូសន្ទនា គឺគម្រោងនេះមានបញ្ចូលបន្ថែមនូវការបង្រៀនសិស្សានុស្សតាមរយៈមាតិកាព័ត៌មានដែលបានបញ្ចូលក្នុងកុំព្យូទ័រស្រាប់ ដែលផ្តល់ជូនដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាតាមរយៈការបង្រៀនពីចម្ងាយផងដែរ។ គម្រោងនេះត្រូវបានអនុវត្តសាកល្បងនៅតាមវិទ្យាល័យចំនួន ២០ ទូទាំងប្រទេស ស្របតាមប្រកាសលេខ ៩០៤ អយក.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទទួលស្គាល់សាលារៀនបំពាក់បន្ទប់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនដោយប្រើបច្ចេកវិទ្យាព័ត៌មាន និងសារ គមនាគមន៍ ។ ក្នុងចំណោមវិទ្យាល័យទាំង២០កន្លែងនេះ មានវិទ្យាល័យ​ចំនួន០២ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គឺនៅវិទ្យាល័យ ហ៊ុន​ សែន កំពង់លែង ស្ថិតនៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងនៅវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្ថិតក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបំពាក់រួចរាល់ជាស្ថាពរ។

ដោយឡែកសម្រាប់គម្រោងពង្រីកហេដ្នារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍តាមរយៈការស្ថាបនាស្ថានីយអង់តែនទូរសព័្ទទចល័ត និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវា (upgrade) នៅក្នុងស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នឹងជួយជំរុញដល់ការផ្តល់សេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សំដៅដល់ការបង្កើនការតភ្ជាប់ និងការកាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុង និងជនបទ ក៏ដូចជាតំបន់ដាច់ស្រយាល ដើម្បីឱ្យប្រជាពលរដ្ឋមានឳកាសទទួលបាននូវការប្រើប្រាស់សេវាទូរស័ព្ទ និងចល័តនិងអ៊ីនធឺណិតនេះដូចៗគ្នា។ គួរបញ្ជាក់ផងដែរថា ចំពោះស្រុកទឹកផុស, ស្ថានីយអង់តែនទូរស័ព្ទចល័តដែលបានស្ថាបនានិងដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវា  (upgrade) ក្រោយមូលនិធិ ក.ស.ទ មានចំនួន០៥ ស្ថានីយរីឯនៅស្រុកកំពង់លែងមានចំនួន ១០ ស្ថានីយ។

បន្ទប់កុំព្យូទ័រ វិទ្យាល័យ ហ៊ុន សែន កំពង់លែង

ឯកឧត្តម ត្រាំ អុីវតឹក បានមានប្រសាសន៍ថា តា​មការរំពឹងទុកកុំព្យូទ័រ​និងសម្ភារៈបច្ចេកទេស​គាំទ្រ​ការបង្រៀនបច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មា​ន ដែលនឹងត្រូវបំពាក់នៅវិទ្យាល័យទាំង២០ទូទាំងប្រទេសក្នុងជំហានដំបូងនេះ នឹងផ្តល់ឱកាសឱ្យសិស្សានុ​សិស្ស​ចំនួនប្រមាណ ៥,០០០ នាក់ក្នុងមួយឆ្នាំៗ ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង​​​មូលដ្ឋាន​​​​លើការប្រើប្រាស់បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មា​ន។ ឯកឧត្តមរដ្ឋមន្ត្រីក៏មានជំនឿដែរថា ការពង្រីកវិសាលភាពគ្របដណ្តប់​សេវាទូរស័ព្ទចល័តនៅក្នុងមូលដ្ឋាននេះនឹងរួមចំណែកមិនត្រឹមតែជួយសម្រួលដល់ការទំនាក់ទំនង ការប្រកបអាជីវកម្ម ការផ្ទេរ​ប្រាក់ ការទទួលព័ត៌មាន និងការកំសាន្តសប្បាយតាមរយៈមាតិកាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបង្កើតនូវកាលានុវត្តភាពថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការពង្រីកមុខរបរ ការលក់ដូរទំនិញ ឬសេវាកម្មផ្សេងៗនៅក្នុងទម្រង់ទីផ្សារថ្មីដែលចាប់ផ្តើមពេញនិយមតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិតដែលនិន្នាការថ្មីនេះត្រូវបានស្គាល់ជាទូទៅថាជាប្រភេទ «ពាណិជ្ជ-កម្មតាម​​ប្រព័ន្ធអេឡិកត្រូនិក» (E-Commerce)។ ការអនុវត្តសកម្មភាពខាងលើក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. និងមូលនិធិ    ក.ស.ទ. នេះឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល (មុំទី១. ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃចតុកោណទី១. ស្តីអំពី ការអភិវឌ្ឍធនធានមនុស្ស  និងមុំទី៣ ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ច   ឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ នៃចតុកោណទី២ ស្តីអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច)។/p>

 

 

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់៖

បន្ទ​ប់កុំព្យូទ័រ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់