សន្និសីទសារព័ត៌មានស្តីពី ដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិ ស.អ. ឆ្នាំ២០១៧

975

ថ្ងៃពុធ​ ​៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨  បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិស.អ. សម័យប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ ក្រុមប្រឹក្សាមូលនិធិ ស.អ. បានរៀបចំសន្និសីទសារព័ត៌មានអំពី​ ដំណើរការ ការប្រើប្រាស់ ​និងលទ្ធផលនៃការអនុវត្ត​គម្រោង​មូលនិធិ​នៃការ​កសាងសមត្ថភាព​និងការ​ស្រាវជ្រាវ​និងការ​អភិវឌ្ឍលើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន​ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ  អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ.  អមដោយ ឯកឧត្តមជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានលេខាធិការដ្ឋាននៃក្រុម-ប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍។

ក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ឯកឧត្តម កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្ត​ច្បាប់​ទូរគមនាគមន៍ និងការបង្កើត​មូលនិធិ ​ស.អ.​នេះឡើង​ ​ក្នុងឆ្នាំ​២០១៧ មាន​ប្រតិបត្តិករ​ទូរគមនាគមន៍ចំនួន ៨៧% (ប៉ែតសិបប្រាំពីរភាគរយ) បាន​បង់​វិភាគទាន​ចូលមូលនិធិ ស.អ. ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់​និងលើកកម្ពស់​ដល់​ការកសាង​សមត្ថភាព​ និងការស្រាវជ្រាវ​ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍  បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ស្រប​តាម ​ផែនការ​ ស.អ. ឆ្នាំ២០១៧-២០១៨ ដែលបានដាក់ចេញដោយ​ក្រុមប្រឹក្សាមូលនិធិ ស.អ.  ថវិកា​មូលនិធិ ស.អ. បាន​ចំណាយ​លើ​ការអនុវត្តគម្រោង​ជាច្រើន​រួមមាន៖

១. ការផ្តល់​អាហារូបករណ៍ដល់​និសិ្សត​សិក្សាផ្នែក​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ ចំនួន ៨៤ (ប៉ែតសិបបួន) នាក់ (៣០​នាក់​នឹង​ចូលរៀន​ក្នុងឆ្នាំ២០១៩)  ដែលក្នុងនោះ ​មានអាហារូបករណ៍ទៅសិក្សានៅប្រទេស​បារាំង​ថ្នាក់អនុបណ្ឌិត​ចំនួន​ ០៣ (បី) ​រូប និងបរិញ្ញាបត្រសិក្សាក្នុងស្រុក​ចំនួន ៨១​ (ប៉ែតសិបមួយ) ​រូប និងការផ្តល់​ថវិកា​ទ្រទ្រង់វគ្គបណ្តុះ-បណ្តាល​ជំនាញ​ ប.គ.ព ជាក់ស្តែង ដល់និសិ្សត​​បានចំនួន ២គម្រោងរួមមាន Soft Skill Training ក្នុងវិស័យ ទ-បគព និងកម្មវិធី Cambodia ICT Volunteer។

២. ការ​​ស្ថាបនាបន្ទប់​កុំព្យូទ័រនៅតាម​វិទ្យាល័យចំនួន ២០ (ម្ភៃ)ដោយសហការជាមួយក្រសួង​អប់រំ យុវជន ​និងកីឡា​។ គួរបញ្ជាក់ផងដែរថា គម្រោង​នេះ​ត្រូវ​បាន​ជជែក​ពិភាក្សា​រវាង​ក្រសួង​ទាំងពីររួចរាល់​ រងចាំការអនុវត្ត​ក្នុងពេល​​ដ៏ខ្លីខាងមុខ។

៣. ផ្តល់ថវិកាដល់ការងារស្រាវជ្រាវ​ចំនួនបី ដែលកិច្ចការស្រាវជ្រាវ​នឹង​ចាប់​ផ្តើម​ក្នុងពេល​ខាងមុខ ដោយការស្រាវជ្រាវទាំងនោះរួមមាន IoT, Data Science និង Khmer Language Processing​។

៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប.គ.ព ដោយបង្កើតនូវបន្ទប់​ពិសោធ​ន៍
និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់​វិស័យ​អប់រំ មាន​ដូចជា៖

-Incubation Center នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

-Incubation Center នៅ​សកលវិទ្យាល័យ​ជាតិគ្រប់គ្រង​

-ហេដ្ឋារចនា​សម្ព័ន្ធទ្រទ្រង់​ដល់​ការងារគ្រប់គ្រង​តាម​សាលា​រៀន

-បន្ទប់​ពិសោធន៍ខាង​ផ្នែកបណ្តាញនៅវិទ្យាស្ថានNIPTICT

-មជ្ឈមណ្ឌល​នវានុវត្តន៍​នៅ​វិទ្យាស្ថានNIPTICT

៥. ការទ្រទ្រង់សកម្មភាព និងកម្មវិធី​មួយចំនួនដើម្បីបង្កើន​​សហគ្រិនភាពខាង​ផ្នែកបច្ចេកវិទ្យានៅ​កម្ពុជា ដោយមាន​      ទាំង​ការបណ្តុះបណ្តាល​ជំនាញ និងមុខរបរ ព្រមទាំង​ការប្រកួតប្រជែង​ទាំង​ក្នុងនិងក្រៅស្រុក​ចំនួន ០៧ (ប្រាំពីរ) គម្រោង ព្រមទាំង​ផ្តល់គម្រោង​ SMEs Go Digital ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ដឹកនាំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគម្រោងនេះនឹងបន្តអនុវត្តនៅឆ្នាំ​ក្រោយៗទៀត​។

មុននឹងបញ្ចប់ ឯកឧត្តម កាន ច័ន្ទមេតា្ត បានស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍មួយចំនួនតូចដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិស.អ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិ ស.អ. ចាត់វិធានការបន្ទាប់។