ជ័យលាភី “កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកល​វិទ្យាល័យ (USDP)”

845

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ៨កើត ដល់ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន ស្មាត អាស្យាតា បានដឹកនាំនិស្សិតចំនួន៤៨នាក់ ដែលបានជាប់ពីការជ្រើសរើសកន្លងមក ឆ្ពោះទៅកាន់សណ្ឋាគារ សុខា សៀមរាប និងរមណីយដ្ឋាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើជំនាញសំខាន់ៗ ដោយផ្អែកលើគោលការណ៍ ៤C ដែលក្នុងនោះរួមមាន៖ ការទំនាក់ទំនង(Communication), ការគិតវិភាគបែបស៊ីជំរៅ (Critical Thinking, ការសហការណ៍​(Corporation), និងការគិតច្នៃប្រឌិត(Creativity) បន្ថែមពីនោះនិស្សិតនិងទទួលបានការហ្វឹកហាត់ តាមរយៈលំហាត់ជាក់ស្តែង(Business Simulation) ក្នុងវិស័យICT។

បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលចំនួន១៣ថ្ងៃ នៅសៀមរាបមក កម្មវិធីក៏រកបានបីក្រុមដែលមានពិន្ទុៈខ្ពស់ជាងគេ មកធ្វើបទបង្ហាញវគ្គផ្តាច់ព្រ័ត និងពិធីប្រគល់រង្វាន់នៅសណ្ឋាគារសូហ្វីធែលភ្នំពេញ។ ក្រោមអធិបតីភាព ឯក​ឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជននិង​កីឡា ឯក​ឧត្ដមបណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណី យ៍ និងទូរគមនាគមន៍​កម្ពុជា និងឯក​ឧត្ដម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុម​ឈ្នះ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន ១,៨០០ ដុល្លារ។ ចំណែក​ឯ​ក្រុម​ដែល​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​ចូល​រួម​សិក្ខាសាលា ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១,២០០​ ដុល្លារ និងនិស្សិត​ដែល​បាន​ធ្វើ​ល្អ​បំផុត​ចំនួន ៨​រូប នឹង​ទទួល​បាន​ការ​ចុះ​កម្មសិក្សា​ដែល​មាន​ប្រាក់​ឧបត្ថម្ភ រយៈពេល​ ២​ខែ នៅ​ឯ​ក្រុមហ៊ុន​របស់ Axiata ​ប្រទេស​ម៉ាឡេស៊ី។

កម្មវិធី SmartEdu USDP ​ត្រូវ​បាន​ដាក់​ឲ្យ​ដំ​ណើការ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Smart Axiata ដែល​ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា។

ក្រៅ​ពី​នេះ កម្មវិធី​អាហារូបករណ៍ SmartEdu និងកម្មវិធី​អភិវឌ្ឍន៍​និស្សិតសកលវិទ្យាល័យ (USDP) នឹង​បន្ត​បណ្ដុះ​ធនធាន​មនុស្ស​កំពូលៗ សម្រាប់វិស័យឌីជីថល​ និង​អាជីវកម្មរបស់​កម្ពុជា​បន្ថែមទៀត។ ថវិកា​មួយ​ផ្នែក​នៃ​ប្រាក់វិនិយោគ​ទាំង​ ១លាន៥​សែន​ដុល្លារ​ដែល​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន Smart នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកាជាតិ​ដើម្បី​ការ​កសាង​សមត្ថភាព ព្រម​ទាំង​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍។