ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យវិទ្យាល័យដែលបានបំពាក់កំព្យូទ័រនិងសម្ភារបច្ចេកទេសសម្រាប់គាំទ្រការអប់រំតាមប្រព័ន្ធឌីជីថល

1635

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជា​អនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងតំណាងវិទ្យាស្ថានជាតិ NIPTICT បានចុះពិនិត្យវិទ្យាល័យចំនួន០៥​ (ប្រាំ)  ដែលត្រូវបានបំពាក់កំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នៅខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោមក្របខ័ណ្ឌមូលនិធិ ស.អ.។

វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប

បេសកកម្មនេះ មានគោលបំណងចម្បងដើម្បីបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញដើម្បីសិក្សាបន្ត ក៏ដូចជាដើម្បីស្វែងយល់អំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង គោលបំណងបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នេះគឺដើម្បីជំរុញឱ្យសិស្សានុសិស្សស្វែងយល់ពី ១. សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល ២. ការជ្រើសរើសជំនាញដើម្បីសិក្សាក្នុងថ្នាក់ឧត្តមសិក្សា ឬការបណ្តុះបណា្តលជំនាញ ៣. ការស្វែងយល់អំពីទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត, ៤. ការចាប់យកឱកាសនិងបង្កើនប្រាក់ចំណូល  និង៥. ភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកតំបន់និងលើពិភពលោក។

ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស ឯកឧត្តម កាន ច័ន្ទមេត្តា បានលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំសិក្សាឱ្យទទួលបានជោគជ័យដើម្បីអាចសិក្សាថ្នាក់ឧត្តមសិក្សាឬជំនាញ។ ក្នុងនោះផងដែរ ឯកឧត្តម បានជំរុញឱ្យសិស្សានុសិស្សសិក្សាជំនាញច្ចេកវិទ្យាឌីជីថល ដោយហេតុថាជំនាញនេះជាតម្រូវការទីផ្សារការងារទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលអនុញ្ញាតឱ្យនិស្សិតងាយស្រួលក្នុងការស្វែងរកការងារនិងទទួលបានប្រាក់បៀវត្សន៍ខ្ពស់។

វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ផ្សាភ្ជាប់នឹងការជ្រើសរើសជំនាញសិក្សាក្នុងថ្នាក់ឧត្តមសិក្សា លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិ NIPTICT បានជម្រាបជូនសិស្សានុសិស្សអំពីជំនាញចំនួន ០៣ (បី) ដែលនិស្សិតអាចសិក្សានៅវិទ្យាស្ថានជាតិ NIPTICT រួមមាន វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) និងទូរគមនាគមន៍ និងបណ្តាញ (Telecoms & Networking)។

ការជំរុញដល់ការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថលនេះស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងចតុកោណទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាអណត្តិទី៦។

វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប

វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប

វិទ្យាល័យ ព្រះមហាក្សត្រិយានី កុសុម: ខេត្តក្រចេះ

វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ