ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ២០២០

2446

កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០២០ (Cambodia Women In Tech 2020) គឺជាកម្មវិធីបង្កើតឡើងដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០  បេក្ខនារីឆ្នើមចំនួន ០៥ រូប បានទទួលពានរង្វាន់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពាន់រង្វាន់ទាំង៥ ប្រភេទនោះមានដូចខាងក្រោម៖

១. ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា​ (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតាជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Ocean Technology Co.,Ltd.” ដែលជាក្រុមហ៊ុននាំចូលផលិតផល GPS គ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជា។​ ជាមួយគ្នានេះដែរ លោកស្រីក៏បានបង្កើតនៅកម្មវិធីដើម្បីតាមដានពត៏មានតាមទូរស័ព្ទអំពី COVID-19 ដែលមានឈ្មោះថា OTAG ។លោកស្រីគឺជាសហគ្រិនស្ត្រីកម្ពុជាវ័យក្មេងដែលជោគជ័យ និងលេចធ្លោក្នុងវិស័យពាណិជ្ជកម្ម​ដែលទទួលបានពានរង្វាន់ជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ លោកស្រីបានធ្វើការផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងបណ្តុះបណ្ដាលជំនាញទន់ដល់យុវតីកម្ពុជាជាច្រើនតាមរយៈសិក្ខាសាលា​ ការផ្តល់មតិយោបល់ និងវគ្គបណ្តុះបណ្ដាលផ្សេងៗ។ លោកស្រី សូរីតា ក៏បានវិនិយោគក្នុងការនិពន្ធសៀវភៅដោយខ្លួនឯងចំនួនពីរគឺ “Leading Ladies” និង “Dare to Dream” ដើម្បីបណ្តុះគំនិតក្នុងការអានដល់យុវជនជំនាន់ក្រោយផងដែរ។

២. ពានរង្វាន់វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ ប.គ.ព (Cambodia Woman​ ICT Engineer Award) បានទៅ “លោកស្រីបណ្ឌិត ព្រហ្ម សុភា ជាប្រធានផ្នែកផលិតផល នៃក្រុមហ៊ុន Soramitsu Khmer Co.,Ltd.”។ លោកស្រីបណ្ឌិត គឺជាស្រ្តីខ្មែរដំបូងដែលទទួលបានសញ្ញាប័ត្របណ្ឌិតខាងផ្នែក Data Analytics and AI នៅឆ្នាំ២០១៣ ពីសកលវិទ្យាល័យ La Rochelle នៃប្រទេសបារាំង និងមានបទពិសោធន៍ក្នុងការធ្វើការស្រាវជ្រាវលើផ្នែក AI (Artificial Intelligence) អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោកស្រីបានសម្រេចសមិទ្ធិផលជាច្រើនលើកិច្ចការស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាដែលជាទុន​មួយដ៏សំខាន់សម្រាប់និសិ្សត និងអ្នកស្រាវជ្រាវផ្សេងៗទៀត។

៣. ពានរង្វាន់ស្រ្តី​​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់​ការអភិវឌ្ឍ​សង្គម​ឬសហគមន៍​ (Cambodia Woman ICT For Community Award) បានទៅ “កញ្ញា ប៉ែន វនាត ជាសហស្ថាបនិក និងអគ្គនាយិកា នៃក្រុមហ៊ុន៦០៦ និងជាតំណាងថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំប្រទេសកម្ពុជា”។ កញ្ញា មិនត្រឹមតែជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ​ដ៏ជំនាញនោះទេ កញ្ញាក៏ជាអ្នកជួយអភិវឌ្ឍន៍ដល់សហគមន៍យ៉ាង   សស្រាក់សស្រាំផងដែរខាងផ្នែកអប់រំ និងបច្ចេកវិទ្យា។ វនាត ក៏បានធ្វើការជាមួយយុវជនមួយក្រុមក្នុងការគ្រប់គ្រង  យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាខ្មែរដែលមានឈ្មោះថា Digital Noodle ដើម្បីលើកកម្ពស់ការយល់ដឹង  អំពីនិន្នាការបច្ចេកវិទ្យាដែលកំពុងរីកដុះដាល។

៤. ពានរង្វាន់​ស្រ្តី​ដែល​​បង្កើត​មាតិកាព័ត៌មានច្នៃប្រឌិត​ (Creative Digital Contents Award) បានទៅ “កញ្ញា រិទ្ធី​ លំអរពេជ្រ ជាស្ថាបនិក និងអគ្គនាយិកា​របស់ ក្រុមសិល្បៈភ្លើងគុប” ដែលជាក្រុមមួយបង្កើតឡើងដោយផ្តោតលើវប្បធម៌ និងប្រពៃណី។ លំអរពេជ្រ បានបង្កើតស្នាដៃវីដេអូឯកសារជាច្រើន ហើយថ្មីៗនេះកញ្ញាត្រូវបានទទួលស្គាល់ទូទាំងប្រទេសនូវស្នាដៃវីដេអូបែបស្នេហាយុវវ័យ។ ក្រៅពីនេះ លំអរពេជ្រ បានបង្កើតមាតិកាដែលមានប្រជាប្រិយភាពជាច្រើនដូចជាកម្មវិធី Love9, Shadow of the Shadow, និងបុណ្យភូមិជាដើម។

៥. ពានរង្វាន់ពន្លកថ្មី (Girl Innovator) បានទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជាសិស្សនៅ Liger Leadership Academy”។ ប្អូនស្រីបានបង្កើតគម្រោងមួយឈ្មោះថា Solar Pi Project ដែលជាគម្រោងមួយប្រើសម្រាប់បង្រៀនសិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះ​មុខវិជ្ជា​ FreeCAD(3D Design) និង​ Scratch (កម្មវិធីសរសេរកូដកុំព្យូទ័រ) ត្រូវបានដាក់បង្រៀន​ដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។