កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០

2250

កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០ គឺជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់​ឆ្នាំ២០២០ នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល”។ កម្មវិធី​នេះ​នឹងផ្តល់​​រង្វាន់​ដល់​ស្រ្តី​ឆ្នើម​ចំនួនប្រាំ​រូប ដែល​​បាន​​ជ្រើសរើស​​​ចេញ​ពីចំណោម​អ្នកមាន​​​​ស្នាដៃទាំង​ឡាយ​​​ក្នុងវិស័យ​បច្ចេកវិទ្យានៅកម្ពុជា​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០២០ពីក្រសួង​ ប.ទ។ ហើយ​ការផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ នឹង​ប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)”​ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ។

ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០២០ មាន​ ០៥ ប្រភេទដូចខាងក្រោម៖

១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​​ស្រ្តី​​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។

២.​ វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​ ICT Engineer Award)  នឹង​ត្រូវ​បាន​ផ្តល់​ដល់​ស្រ្តី​​ជាអ្នកដឹកនាំ​​​ដែល​មាន​ជំនាញ​ជាវិស្វករ​​​ផ្នែក​បច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​ជំនាញ​របស់ ខ្លួន​​បម្រើ​ការ​ក្នុង​ស្ថាប័នផ្សេងៗ​រហូត​ដល់​ពេល​បច្ចុប្បន្ន​​។​

៣. ​ស្រ្តី​​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់​ការអភិវឌ្ឍ​សង្គម​ឬសហគមន៍​ (​​​​Cambodian Woman ICT For Community Award)​នឹងត្រូវ​ផ្តល់​ដល់​​ស្រ្តី​​ដែលមាន​ភាពជាអ្នកដឹកនាំ​មានជំនាញ​បច្ចេកវិទ្យា​ និង​បាន​ចូល​រួម​យ៉ាង​​សកម្ម​ ដោយ​លះបង់កម្លាំងកាយ​ចិត្ត​ និងពេល​វេលា​របស់​ខ្លួន​ដោយស្ម័គ្រចិត្ត​ក្នុងការ​​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដល់​សង្គមឬ​សហគមន៍​​ ឬ​ក៏ជា​ស្រ្តី​ដែល​បានបង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​បម្រើ​ដល់​ប្រយោជន៍សង្គមដោយ​មិន​គិត​ថ្លៃ​។

៤. ​ស្រ្តី​ដែល​​បង្កើត​មាតិកាព័ត៌មានច្នៃប្រឌិត​ ​​(Creative Digital Contents Award)  ចំពោះ​​ស្រ្តី​ដែលមាន​ស្នាដៃ​អាច​បង្កើត​មាតិកា​ព័ត៌មាន (Multimedia Content, Digital Art and Design etc.) ​ដែល​ប្លែក​ ហើយ​មាន​ការច្នៃប្រឌិត​ខ្ពស់ មាន​ប្រយោជន៍​ដល់​សង្គម សេដ្ឋកិច្ច​ និង​វប្បធម៌​​។​​

៥. ពន្លកថ្មី(Girl Innovator) ពានរង្វាន់នេះ​ផ្តល់​ដល់​កុមារី​អាយុក្រោម​១៨​ឆ្នាំ​ អាចជាបុគ្គល​ឬជាក្រុម​ដែលបាន​ច្នៃ​ប្រឌិត​បង្កើតនូវ​​ស្នាដៃ​​បច្ចេកវិទ្យា​ពិសេស​​ណាមួយ​។​

អ្នកដែលចូលរួមក្នុងកម្មវិធីនេះ ក៏​នឹងត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី Digital Cambodia ២០២០ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមីនា​ ឆ្នាំ២០២០​ ខាងមុខ​នេះផង​ដែរ។​

ចុចលើទីនេះដើម្បីបំពេញពាក្យស្នើសុំបេក្ខភាព (Nomination)