​Seedstars Summit Asia 2019 រៀបចំលើកដំបូង​នៅ​កម្ពុជា ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ of​ ​E​n​t​rep​r​e​n​e​ur​ship​”

1014

នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ​ អុី​វ​តឹក​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “Shaping the Future of Entrepreneurship” ដោយមានការចូលរួមពីតំណាងស្ថានទូត, ក្រុមប្រឹក្សាមូលនិធិ ស.អ., ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, តំណាងក្រសួងពាក់ព័ន្ធ, ដៃគូរអភិវឌ្ឍន៍និងសន្ទនា, វិនិយោគគិន, អ្នកណែនាំ (Mentors), អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startup) និងក្រុមការងារ Seedstars។ កិច្ចប្រជុំ Seedstars Summit Asia 2019 ទទួលបានការឧបត្ថម្ភពីមូលនិធិ ស.អ. ដោយមានការចូលរួមវិភាគទានពីក្រុមហ៊ុន Smart Axiata។

កិច្ចប្រជុំ Seedstars Summit Asia 2019 គឺជាកម្មវិធីប្រកួតប្រជែងកម្រិតតំបន់និងការបង្ហាញពីសក្តានុពលក្រុមហ៊ុន (Pitching) ដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងកម្រិតពិភពលោក (Seedstars Global Summit 2020)។ កិច្ចប្រជុំ Seedstars Summit Asia 2019 នេះ រៀបចំឱ្យមានការជួបជុំគ្នារវាងអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups) មកពីប្រទេសតំបន់អាស៊ីចំនួន១៨ប្រទេស និងរាល់បុគ្គលដែលចូលរួមបង្កើតនិងជំរុញ Ecosystem នៃអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា។ កិច្ចប្រជុំ Seedstars Summit Asia 2019 មានរយៈពេល ០៣ (បី)ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នាថ្ងៃទី២៧ និងទី២៨ មានកម្មវិធី Bootcamp និងវេទិកាវិនិយោគ ដោយក្នុងនោះ អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាទទួលបានការបណ្តុះបណ្តាល, ទទួលឱកាសប្រជុំទ្វេភាគីជាមួយអ្នកណែនាំ (Mentors) និងវិនិយោគិន (Investors) ក្នុងក្របខណ្ឌតំបន់ និងចូលរួមក្នុងកម្មវិធីបង្កើតទំនាក់ទំនង (networking) ផងដែរ។ ចំពោះថ្ងៃទី៣ (ថ្ងៃទី២៩) មានការប្រកួតប្រជែងរវាងអាជីវកម្មចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យាដើម្បីចាប់យកឱកាសចូលរួមប្រកួតប្រជែងបន្តក្នុងកិច្ចប្រជុំ Seedstars Global Summit 2020, កិច្ចប្រជុំអំពីឧត្តមានុវត្តនៃការកសាង Tech startup Ecosystem, សិក្ខាសាលា, កិច្ចពិភាក្សា (keynotes/panels) និងកម្មវិធីបង្កើតទំនាក់ទំនង (networking)។

សិក្ខាសាលាមួយចំនួនត្រូវបានរៀបចំក្នុងអំឡុងពេលព្រឹត្តិការនេះរួមមាន
១. Managing a successful collaboration
២. Startup ecosystem building: overcoming the major challenges
៣. Early-stage investment in Asia: current challenge
៤. How to leverage the power of technology to address Asia’s environmental challenges

ជាមួយគ្នានេះដែរ កិច្ចពិភាក្សាក្រោមប្រធានបទ The Investment Landscape in Asia ត្រូវបានយកមកពិភាក្សា ក្នុងនោះផងដែរសុន្ទរកថា (Keynote) មួយចំនួនត្រូវបានចែករំលែកដែលមានដូចជា ១.The Entrepreneur Journey ដោយកញ្ញា Shazia Khan, CEO & Co-Founder of EcoEnergy Finance, ២. Rapid Business Design ដោយលោក Sartaj Anand, Founder of Egomonk ៣. Tackling Gender Diversity in Tech ដោយ កញ្ញា Elisha Tan, Founder of TechLadies និង៤. How corporations can leverage startup innovations ដោយលោក Benjamin Quinlan, CEO & Managing Partner of Quinlan &Associates។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា កម្ពុជាសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Seedstars Summit Asia 2019 ក្នុងគោលបំណង ១. ទាក់ទាញវិនិយោគិនបរទេសមកវិនិយោគជាមួយ Tech Startups កម្ពុជា
២. បង្ហាញអំពីសមត្ថភាពរបស់ Tech startups និង tech startup Ecosystem កម្ពុជា
៣. គាំទ្រដល់យុវជនដែលមានទេពកោសល្យ (Young Talents) ក្នុងការធ្វើនវានុវត្តន៍ និងចូលរួមបង្ហាញសមត្ថភាពនិងទេពកោសល្យរបស់យុវជនខ្មែរទៅកាន់ពិភពលោក
៤. សម្របសម្រួលក្នុងការបង្កើតបណ្តាញរវាង Tech startups នឹង Tech startups ក្នុងតំបន់ និង Tech startups ជាមួយវិនិយោគគិន
៥. ជំរុញឱ្យ Tech startups កម្ពុជាអាចមានឱកាសពង្រីកខ្លួនបន្ថែម។

ការរៀបចំកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចតុកោណទី២ អំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច, មុំទី៣. អំពីការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ចំណុចទី៦ អំពីការអភិវឌ្ឍសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលជាបរិស្ថានអំណោយផលដល់ការបង្កើតធុរកិច្ចថ្មីៗ, ការជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងធុរកិច្ច និងការបង្កើតយន្តសហប្រតិបត្តិការសហគ្រិនភាព ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលឬភាពជាដៃគូជាមួយវិស័យឯកជន។​

ក្នុងឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ឯកឧត្តម ត្រាំ​ អុី​វ​តឹក បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Seedstars ដែលបានសហការរៀបចំកិច្ចប្រជុំ Seedstars នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកតំបូងក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៦ នេះ បានកំណត់គោលដៅអាទិភាពរបស់ខ្លួនក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងចាប់យកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តរៀបចំបទបញ្ញត្តិ, គោលនយោបាយ និងដាក់ចេញនូវសកម្មភាពបន្តបន្ទាប់ដើម្បីចាប់យកកាលានុវត្តន៍ភាព, ជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធនឹងទីផ្សារជំនួញ, គ្រប់គ្រងបរិយាកាសធុរកិច្ច, និងកាត់បន្ថយហានិភ័យបង្កពីការអភិវឌ្ឍបច្ចេកវិទ្យា។ ជាក់ស្តែង បន្ថែមលើការគាំទ្រតាមរយៈគោលនយោបាយនិងបទបញ្ញត្តិ រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹតមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលទាំងផ្នែករឹងនិងទន់ និងអភិវឌ្ឍធនធានមនុស្សនិងជំនាញឱ្យស្របទៅនឹងតម្រូវការនិងបរិបទថ្មីនៃសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា កម្មវិធីបើកព្រឹត្តិការ Seedstars Summit​ Asia 2019 មានអ្នកចូលរួមសរុបប្រមាណ ៧០០ នាក់ មកពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គទូត អង្គការ និងដៃគូរអភិវឌ្ឍនិងសន្ទនា។ ក្នុងការប្រកួតប្រជែង Seedstars Summit​ Asia 2019 មានវាគ្មិន អ្នកណែនាំ និងវិនិយោគគិនចំនួន ៤០, អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាចំនួន ២២ មកពីប្រទេសក្នុងតំបន់អាស៊ី។ ក្នុងចំណោមអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាទាំង២២ មានអាជីវកម្មបង្កើតថ្មីចំនួន១៤ ត្រូវបានជ្រើសរើសឱ្យទៅប្រកួតបន្តនៅទីក្រុង Lausanne នៃប្រទេស Switzerland ដែលមានដូចជា Resync, Recyglo, Web2ship, Cropital,​​ Traseable, AN VUI, iFarmer, iLoan, Smart Pei, Sala, Niunet, Offering Happiness, Duithape, Wondertree។ ក្នុងនោះផងដែរ Sala ដែលជាអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជាក៏ត្រូវបានជ្រើសរើសឱ្យទៅប្រកួតបន្តនៅទីក្រុង Lausanne នៃប្រទេស Switzerland ផងដែរ។