ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឱ្យសមាជិកសហគមន៍ និងកុមារី Technovation កម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

1052

រសៀលថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.- CBRD Fund) បានអនុញ្ញាតឱ្យសមាជិកសហគមន៍ និងកុមារី Technovation កម្ពុជា ដែលជាក្រុមទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវីធី Technovation កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចតាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ ស្តីពី “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) និងសហគ្រិនភាព” ដល់កុមារី ឬយុវនារីចាប់ពីអាយុ១០-១៨ឆ្នាំ។ កម្មវិធីនេះមានមេរៀន និងរបៀបរបបបណ្តុះបណ្តាលរៀបចំដោយសហគមន៍ Technovation សកលមានទីតាំងនៅសហរដ្ឋអាមេរិក ហើយត្រូវបានគេយកមកអនុវត្តនៅតាមប្រទេសជាច្រើនក្នុងពិភពលោក។ កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដោយបានចូលរួមជ្រោមជ្រែងដោយសហគមន៍អ្នកស្ម័គ្រចិត្តដែលមានជំនាញបច្ចេកវិទ្យាជាគ្រូបណ្តុះបណ្តាលបច្ចេកទេស បង្កើតគំនិត និងសរសេរកូដកម្មវិធីទូរស័ព្ទដៃ ដោយមានការសហការជាមួយសាលាមធ្យមសិក្សានានាក្នុងស្រុកដើម្បីរៀបចំការបណ្តុះបណ្តាលនេះ។ បន្ថែមពីនេះទៀត ក្នុងពេលបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗក៏មានការជ្រើសរើសថ្នាក់ជាតិនូវក្រុមកុមារីដែលមានស្នាដៃក្នុងការបង្កើតកម្មវិធីទូរស័ព្ទ និងការជ្រើសរើសក្រុមកុមារីចូលរួមប្រឡងប្រជែងជាអន្តរជាតិ មានដូចជាការប្រលងប្រជែងលំដាប់ថ្នាក់ពិភពលោកក្នុងសហគមន៍ Technovation នៅសហរដ្ឋអាមេរិក។

*គួបញ្ជាក់ផងដែរថា មូលនិធិស.អ. បានចាប់ផ្តើមចូលរួមជាផ្អែកមួយក្នុងការឧបត្ថម្ភដល់កម្មវិធី Technovation ចាប់តាំងពីឆ្នាំ២០១៧មក ជាក់ស្តែងជាលទ្ធផលនៅក្នុងឆ្នាំ២០១៩ ក្រុមកុមារីកម្ពុជាដែលមានឈ្មោះថា LiterTree ត្រូវបានជ្រើសរើសចូលរួមការប្រឡងប្រជែងថ្នាក់ពិភពលោកនៅទីក្រុងសានហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក និងជាប់ចំណាត់ថ្នាក់លេខ ២ លំដាប់ពិភពលោក ដោយការបង្កើតកម្មវិធីទូរស័ព្ទដៃ “Neang Norg” សម្រាប់អភិរក្សកំណាព្យខ្មែរ។ ក្នុងនោះដែរ ក្រុមកុមារី Technovation មួយក្រុមទៀតក៏ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងកម្មវិធី e-ICON World Contest លើកទី៩ ដែលជាកម្មវិធីប្រកួតប្រជែងបង្កើតកម្មវិធីទូរស័ព្ទដៃថ្នាក់ពិភពលោក ហើយទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតដែលរៀបចំនៅសាធារណរដ្ឋកូរ៉េផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានសម្តែងការអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់កុមារី ព្រមទាំងសហគមន៍ Technovation ដែលបានពាំនាំមកនូវកិត្តិយសដល់ប្រទេសកម្ពុជាយើងក្នុងការទទួលបានជ័យលាភីដល់ទៅ២ លើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ” កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីដែលជួយជម្រុញការ បណ្តុះបណ្តាលធនធានមនុស្សខាងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព នៅកម្ពុជា ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល។ សព្វថ្ងៃនេះ យើងកំពុងខ្វះខាតធនធានមនុស្សក្នុងវិស័យនេះ សម្រាប់បម្រើដល់ឧស្សាហកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងលើកម្មវិធីបណ្តុះបណ្តាលកុមារវ័យក្មេង ពីជំនាញបច្ចេកវិទ្យានិងការសសេរកូដ ដោយអាចបំផុសឱ្យពួកគេចាប់អារម្មណ៍ និងចាប់យកជំនាញនេះ នៅពេលក្រោយទៀត ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ រួមទាំងមូលនិធិស.អ. នឹងបន្តការគាំទ្រ ទាំងកម្លាំងចិត្ត បច្ចេកទេស និងថវិកា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីដំណើរការបន្តទៀត៕