ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីការអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ University Student Development Program (USDP) រដូវកាលទី២ និងពិធីប្រគល់រង្វាន់កាលពីម្សិលមិញ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
បេក្ខជន ដែលត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួមជាមួយនឹងនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រចំនួន ៤៨ នាក់។ ដំបូងឡើយពួកគេ ត្រូវបានចែកជា៨ក្រុមដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។ ពួកគេទទួលបានការបំពាក់បំប៉នជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា និងជំនាញគ្រប់គ្រងអារម្មណ៍។ បេក្ខជនទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល សិក្ខាសាលា និងការពិសោធន៏ជាច្រើន ដោយពួកគេត្រូវបានជំរុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។
កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងឧបករណ៍ក៏ដូចជាជំនាញដើម្បីជួយជំរុញដល់បច្ចេកវិទ្យាក្នុងប្រទេសផងដែរ។
តួយ៉ាងក៏មានរង្វាន់ទឹកប្រាក់ជាច្រើនទៀត ផ្ដល់ជូនជយលាភីឆ្នើមក្នុងកម្មវិធី SmartEdu USDP រដូវកាលទី ២ នេះ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកប្រាក់ចំនួន ១០០០ដុល្លារបានជូនដល់ក្រុមជ័យលាភីលេខ ២ និងទឹកប្រាក់ ១៤០០ ដុល្លារ ដល់ជ័យលាភីឆ្នើមធ្វើបានល្អបំផុត។ លើសពីនេះបេក្ខជនឆ្នើម ៨នាក់ទទួលបានការហាត់ការនឹងបានប្រាក់ឧបត្ថម្ភរយៈពេល២ខែនៅឯក្រុមហ៊ុនរបស់ Axiata ប្រទេសម៉ាឡេស៊ី។
រូបភាព៖ Smart for Cambodia