នៅថ្ងៃទី១៤ និង១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.) អមដំណើរដោយគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, អនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាមូលនិធិ ស.អ. និង ក.ម.ក.ស.ទ. បានអញ្ជើញធ្វើជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោមក្របខ័ណ្ឌមូលនិធិ ស.អ. និង មូលនិធិ ក.ស.ទ. នៅវិទ្យាល័យហ៊ុនសែន កំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ប.គ.ព. និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ប.គ.ព. ត្រូវបានបំពាក់រួចរាល់នៅវិទ្យាល័យហ៊ុនសែន កំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ខេត្តកំពង់ឆ្នាំង ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោង ស.អ. និងបន្ទាប់ពីស្ថានីយអង់តែនទូរស័ព្ទចល័តត្រូវបានស្ថាបនារួចរាល់នៅក្នុងស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌអនុវត្តកម្មវិធី ក.ស.ទ.។គម្រោងការបំពាក់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការឧបត្ថម្ភពីមូលនិធិ ស.អ. ដោយប្រើប្រាស់ចំណែកវិភាគទានមូលនិធិ ស.អ. បង់ដោយក្រុមហ៊ុន Viettel (Cambodia)។
គម្រោងនេះ មានគោលបំណងចម្បងធានានូវនិរន្តភាពនិងប្រសិទ្ធភាពនៃការពង្រីកការបណ្ដុះបណ្ដាលបំណិនវិជ្ជាជីវៈ ICT នៅមធ្យមសិក្សាទុតិយភូមិ ដែលនឹងជួយសិស្សានុសិស្សឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅនឹងទីផ្សារការងារនៃយុគសម័យសេដ្ឋកិច្ចពុទ្ធិ បច្ចេកវិទ្យាជំនាន់ទី៥ និងឧស្សាហកម្មទី៤។ លក្ខណៈពិសេសនៃគម្រោងនេះ ធៀបទៅនឹងគម្រោងដែលត្រូវបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ឬដៃគូសន្ទនា គឺគម្រោងនេះមានបញ្ចូលបន្ថែមនូវការបង្រៀនសិស្សានុស្សតាមរយៈមាតិកាព័ត៌មានដែលបានបញ្ចូលក្នុងកុំព្យូទ័រស្រាប់ ដែលផ្តល់ជូនដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាតាមរយៈការបង្រៀនពីចម្ងាយផងដែរ។ គម្រោងនេះត្រូវបានអនុវត្តសាកល្បងនៅតាមវិទ្យាល័យចំនួន ២០ ទូទាំងប្រទេស ស្របតាមប្រកាសលេខ ៩០៤ អយក.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទទួលស្គាល់សាលារៀនបំពាក់បន្ទប់កុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនដោយប្រើបច្ចេកវិទ្យាព័ត៌មាន និងសារ គមនាគមន៍ ។ ក្នុងចំណោមវិទ្យាល័យទាំង២០កន្លែងនេះ មានវិទ្យាល័យចំនួន០២ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គឺនៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតនៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងនៅវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបំពាក់រួចរាល់ជាស្ថាពរ។
ដោយឡែកសម្រាប់គម្រោងពង្រីកហេដ្នារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍តាមរយៈការស្ថាបនាស្ថានីយអង់តែនទូរសព័្ទទចល័ត និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវា (upgrade) នៅក្នុងស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នឹងជួយជំរុញដល់ការផ្តល់សេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សំដៅដល់ការបង្កើនការតភ្ជាប់ និងការកាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុង និងជនបទ ក៏ដូចជាតំបន់ដាច់ស្រយាល ដើម្បីឱ្យប្រជាពលរដ្ឋមានឳកាសទទួលបាននូវការប្រើប្រាស់សេវាទូរស័ព្ទ និងចល័តនិងអ៊ីនធឺណិតនេះដូចៗគ្នា។ គួរបញ្ជាក់ផងដែរថា ចំពោះស្រុកទឹកផុស, ស្ថានីយអង់តែនទូរស័ព្ទចល័តដែលបានស្ថាបនានិងដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវា (upgrade) ក្រោយមូលនិធិ ក.ស.ទ មានចំនួន០៥ ស្ថានីយរីឯនៅស្រុកកំពង់លែងមានចំនួន ១០ ស្ថានីយ។
បន្ទប់កុំព្យូទ័រ វិទ្យាល័យ ហ៊ុន សែន កំពង់លែង
ឯកឧត្តម ត្រាំ អុីវតឹក បានមានប្រសាសន៍ថា តាមការរំពឹងទុកកុំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលនឹងត្រូវបំពាក់នៅវិទ្យាល័យទាំង២០ទូទាំងប្រទេសក្នុងជំហានដំបូងនេះ នឹងផ្តល់ឱកាសឱ្យសិស្សានុសិស្សចំនួនប្រមាណ ៥,០០០ នាក់ក្នុងមួយឆ្នាំៗ ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានលើការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏មានជំនឿដែរថា ការពង្រីកវិសាលភាពគ្របដណ្តប់សេវាទូរស័ព្ទចល័តនៅក្នុងមូលដ្ឋាននេះនឹងរួមចំណែកមិនត្រឹមតែជួយសម្រួលដល់ការទំនាក់ទំនង ការប្រកបអាជីវកម្ម ការផ្ទេរប្រាក់ ការទទួលព័ត៌មាន និងការកំសាន្តសប្បាយតាមរយៈមាតិកាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវកាលានុវត្តភាពថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការពង្រីកមុខរបរ ការលក់ដូរទំនិញ ឬសេវាកម្មផ្សេងៗនៅក្នុងទម្រង់ទីផ្សារថ្មីដែលចាប់ផ្តើមពេញនិយមតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិតដែលនិន្នាការថ្មីនេះត្រូវបានស្គាល់ជាទូទៅថាជាប្រភេទ «ពាណិជ្ជ-កម្មតាមប្រព័ន្ធអេឡិកត្រូនិក» (E-Commerce)។ ការអនុវត្តសកម្មភាពខាងលើក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. និងមូលនិធិ ក.ស.ទ. នេះឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល (មុំទី១. ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃចតុកោណទី១. ស្តីអំពី ការអភិវឌ្ឍធនធានមនុស្ស និងមុំទី៣ ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ច ឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ នៃចតុកោណទី២ ស្តីអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច)។/p>
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់៖
បន្ទប់កុំព្យូទ័រ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់