ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program រដូវកាលទី៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកញ្ចប់ថវិការរបស់មូលនិធិ ស.អ.។
ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challengeនៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុម ដែលមានបេក្ខភាពចូលរួមជាង១២០រូប មកពីសាកលវិទ្យាល័យចំនួន១០ ទូទាំងប្រទេសកម្ពុជា ក្រោយពីការចូលរួមសិក្ខាសាលា Hackathon Challenge រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ។
ក្រុមចំនួន៥បានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៥០០០ដុល្លារអាមេរិកដូចគ្នា និងទទួលបានឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែជាមួយ Impact Hub Phnom Penh ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៏ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុមរបស់ខ្លួន នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ (CKCC)។
ម្ចាស់ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ជាមួយនឹងការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ក្រុមទាំង៥ នឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឺកចិត្ត និងការធ្វើការរួមគ្នាផងដែរ ។
ក្រុមចំនួន៥រួមមាន៖
1- RENTECH ជួលអ្នកប្រើប្រាស់ជួលកន្លែងស្នាក់នៅជាពិសេសអ្នកដែលមកពីខេត្តនានដែលមកទីក្រុងចំបងៗសម្រាប់ការសិក្សាថ្នាក់ឧត្ដម។
2- Sers Chborng ផ្តល់ការគាំទ្រដល់សិស្សដែលចង់ដាក់ពាក្យអាហារូបករណ៍ និង កម្មវិធីផ្លាស់ប្ដូរការសិក្សា និង ការចូលរួមការប្រកួតប្រជែងផ្សេងៗ។
3- STYLE ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវឱកាសផ្សេងៗក្នុងការជួលអាវធំ រ៉ូប និង ឈុតសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីពិសេសៗ។
4- PhumCAKE ផ្ដល់ឲ្យអ្នកគ្រប់គ្នារចនារូបរាង រសជាតិ និង ពណ៌នំខេកសម្រាប់ឱកាសពិសេសផ្សេងៗ។
5- SpeakOut ជួុយអ្នកដែលកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តតាមរយៈបណ្ដាញទំនាក់ទំនងអនាមិក ព័ត៌មានការយល់ដឹង និង ភ្ជាប់ពួកគេជាមួយពេទ្យចិត្តសាស្រ្ដដ៏ជំនាញ។
ក្រុមជ័យលាភី STYLE
ក្រុមជ័យលាភី Sers Chborng
ក្រុមជ័យលាភី SpeakOut
ក្រុមជ័យលាភី Phum Cake
ក្រុមជ័យលាភី RenTech