ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

983

កម្មិវិធី ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ធ្វើឡើងក្រោមប្រធានបទ ផែនទីបង្ហាញផ្លូវ អាស៊ាន ទៅកាន់ឧស្សាហកម្ម ៤.០” គឺជាកម្មវិធីពិព័រណ៍ រួមជាមួយនិងសន្និសីទ ស្ថីអំពីបច្ចេកវិទ្យាឌីជីថលដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ទទួលបានជោគជ័យ ជាមួយការគាំទ្រចូលរួមយ៉ាងច្រើនកុះករ លើសពីការរំពឹងទុក។កម្មវិធីនេះ ទទួលបានការចូលរួមពីមហាជនទូទៅ, យុវជន ជាសិស្សានុសិស្ស, អ្នកបច្ចេកទេស, ចូលចិត្តខាងផ្នែកបច្ចេកវិទ្យា, អាជីវកម្មទាក់ទងក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងស្រុក និងក្នុងតំបន់, តំណាងរបស់រដ្ឋាភិបាល, គ្រឹះស្ថានឧត្តមសិក្សា, អង្គការមិនរកប្រាក់ចំណេញ  សរុបប្រមាណជា ១៥,០០០នាក់ ជារៀងរាលថ្ងៃ ក្នុងរយៈពេល ៣ថ្ងៃ។

កម្មិវិធីពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ត្រូវបានបើកដំណើរការ ក្រោមអធិបតិភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ចំណែកឯវាក្មិន និងមន្រ្តីជាន់ឈ្មោះរបស់រដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សាក្នុងវេទិកា​ រួមមាន ឯកឧត្ដមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ ក្រសួងមុខងារសាធារណ រួមជាមួយមន្ត្រីតំណាង មកពីប្រទេសវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។

កម្មិវិធី ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ត្រូវបានរៀបចំដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានការចូលរួមរបស់វាគ្មិនសំខាន់ៗ ជាង ១០០រូប,ការពិភាក្សាលើប្រធានបទសំខាន់ៗ ដឹកនាំដោយអ្នកជំនាញ ទៅក្នុងវិស័យបច្ចេកវិទ្យាអ្នកចូលរួមតាំងពិព័រណ៍ផលិតផល និងសេវាកម្មជាង ១៥០ស្ដង់ រួមជាមួយឆាកហ្គេមដ៏ធំ ដែលទាក់ទាញអ្នកជំនាញលេងហ្គេមចូលរួមប្រកួតប្រជែង និងអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនផងដែរ។

ចំណែកវាគ្មិន ពោពេញដោយចំណេះដឹងយ៉ាងទូលំទូលាយ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលបានចូលរួមធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងវិស័យឯកជន រួមមានលោក David LI នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាលោកបណ្ឌិត Susan AMAT អនុប្រធាន និងនាយកប្រតិបត្តិ នៃបណ្តាញសហគ្រិនភាពសកល GEN, លោកបណ្ឌិត Chawapol JARIYAWIROJ អ្នកគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុន Amazon Web Services ប្រទេសថៃ។ ចំណែកអ្នកចូលរួម និងវាគ្មិនលេចធ្លោផ្សេងទៀត រួមមានតំណាងមកពីធនាគារ, Fintech, ស្ថាប័នអប់រំជាន់ខ្ពស់ និងអង្គការអន្តរជាតិ។

កម្មិវិធី ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រៀបចំធ្វើឡើងជាមួយគោលបំណងសំខាន់ៗចំនួន ៥ គឺ៖

១.បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។

២.បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍ និងព័ត៌មាន។

៣.បញ្ជ្រាបអំពីសារៈសំខាន់  និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ។

៤.កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ

៥.ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ

៦.អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាបុគ្គលមួយរូប ដើរតួនាទីយ៉ាងសំខាន់ ដើម្បីឲ្យកម្មវិធី ឌីជីថលកម្ពុជាឆ្នាំ ២០១៩ កើតមានឡើង បានមានប្រសាសន៍ថា៖ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម សម្រាប់ជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺការធ្វើសមាហរណកម្ម ឲ្យកាន់តែប្រសើរឡើង សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរជាតិ ដោយបង្វែរទៅរកមូលដ្ឋានឧស្សាហកម្មចម្រុះ ដែលគាំទ្រការរីកចម្រើនប្រកបដោយនិរន្តរភាពរយៈពេលវែង និងមួយផ្នែកទៀត គឺការទាក់ទាញអ្នកវិនិយោគិន ដែលចាប់អារម្មណ៍ ជាមួយការវិនិយោគក្នុងផ្នែកឌីជីថល និងឱកាសជាច្រើនទៀត។ ការវិនិច្ឆ័យដោយភាពជោគជ័យ និងកំលាំងចលករ ដែលបានបង្កើតឡើងដោយព្រឹត្តិការណ៍នេះ ខ្ញុំជឿជាក់ថា យើងនឹងសម្រេចបាននូវគោលដៅរបស់យើង។ នៅក្នុងប្រទេសកម្ពុជា យើងមានវិធានការជាក់ស្តែង ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅទូទាំងប្រទេស និងពង្រឹងគុណភាព និងភាពជឿជាក់ នៃប្រព័ន្ធទូរគមនាគមន៍និងសេវាកម្ម។ លើសពីនេះទៀត យើងកំពុងចាត់វិធានការដើម្បីធានាថា ក្របខ័ណ្ឌច្បាប់ ដែលគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ និងសេវាកម្មអនុញ្ញាតឱ្យបច្ចេកវិទ្យាឌីជីថល ទទួលយកឱកាសវិនិយោគនិងបង្កើនដើមទុន ប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព ដល់គម្រោងដែលមានសក្តានុពលខ្ពស់។

 

គួររំម្លឹកផងដែរថា ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រៀបចំធ្វើឡើងដោយ វិទ្យាស្ថានជាតិ NIPTICT ដោយទទួលបានការគាំទ្រ ពីក្រសួងនានារបស់រដ្ឋាភិបាល ដែលក្នុងនោះរួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡាក្រសួងឧស្សាហកម្មនិងសិប្បកម្មក្រសួងពាណិជ្ជកម្មនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកចូលរួមគាំទ្រពីវិស័យឯកជនវិញ រួមមានក្រុមហ៊ុន Smart Axiata និង Metfone ដែលជាអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ធំជាងគេបំផុតនៅកម្ពុជាក្រុមហ៊ុន Huawei Technology (Cambodia) និង CFOCN ហើយត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corporation និងក្រុមហ៊ុន Two Way Public Relations ដែលជាក្រុមហ៊ុនរៀបចំកនិងគ្រប់គ្រងកម្មវិធី និងទំនាក់ទំនងសាធារណៈ ឈានមុខគេរបស់ប្រទេសកម្ពុជា។

បន្ថែមពីនេះទៀត ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ទទួលបានការឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនសែលកាត, UnionPay, TrueMoney, ក្រុមហ៊ុន EZECOM, Oracle, Cisco Systems, Smart City Consortium, ធនាគារPPC, ធនាគារឯកទេស វីង, Payon, Mobile C & C, ក្រុមហ៊ុនរៀបចំកម្មវិធី Kilat ជាដើម។

អំពីពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩

ឌីជីថលកម្ពុជាឆ្នាំ ២០១៩ នាំមកនូវគំនិតច្នៃប្រឌិតថ្មីបំផុត និងទំនើបបំផុតនៅក្នុងបច្ចេកវិទ្យាឌីជីថល មកកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមានយៈពេល ៣ថ្ងៃ ពោរពេញទៅដោយគំនិតដឹកនាំ ការយល់ដឹង និងដំណោះស្រាយជាក់ស្តែង។ មេដឹកនាំដ៏មានគំនិតច្នៃប្រឌិត និងចក្ខុវិស័យអន្តរជាតិ មកពីផ្នែកអាជីវកម្ម, រដ្ឋាភិបាល និងអ្នកសិក្សា នឹងប្រមូលផ្តុំពិភាក្សាគ្នា ដើម្បីបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងវិស័យបច្ចេក វិទ្យាឌីជីថល និងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគេ ចំពោះបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគ មន៍ទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ សូមចូលទៅកាន់គេហទំព័រ www.digitalcambodia.com.kh ឬទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/OfficialDigitalCambodia/ ។

 

 

 

@រូបភាព Fb: Digital Cambodia