នៅថ្ងៃសៅរ៍ ១ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានសមាសភាព លោកបណ្ឌិត គី ឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងជាអនុប្រធានលេខាធិការ-ដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ដើម្បីចូលរួមបំពេញទស្សនកិច្ចសិក្សាជាមួយគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភាកម្ពុជា ដើម្បីចូលរួមបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីគោលនយោបាយឌីជីថលនិងឧស្សាហកម្ម៤.០របស់អាល្លឺម៉ង់ នៅនៅទីក្រុង Erfurt និងរដ្ឋធានី Berlin ប្រទេសអាល្លឺម៉ង់ តាមការអញ្ជើញនិងរៀបចំដោយអង្គការ KONRAD ADENAUER STIFTUNG (KAS)។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមដោយតំណាងវិស័យឯកជនជាអាទិ៍៖ តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា តំណាង Global Entrepreneurship Network Cambodia (GEN កម្ពុជា) តំណាងស្ថាប័នស្រាវជ្រាវនៅកម្ពុជា តំណាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) តំណាងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អាស៊ី និង Jonaak Delivery (Startup)។ ទស្សនកិច្ចសិក្សានេះមានរយៈពេល មួយសប្តាហ៍ ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
ក្នុងទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយសមាជិកសភារបស់រដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីស្វែងយល់ពីទិសដៅគោលនយោបាយរបស់អាល្លឺម៉ង់ក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចនិងបញ្ហាប្រឈម ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរវាងគ្នាទៅវិញទៅមកទៅលើការចូលរួមក្នុងការធ្វើឱ្យសម្រេចបាននូវឧស្សាហកម្ម៤.០។ ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាក៏បានស្នើឱ្យបង្កើតទំនាក់ទំនងជិតស្និតថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ការបង្កើតទំនាក់ទំនងរវាងវិស័យឯកជននិងឯកជននៃប្រទេសទាំងពីរដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
គណៈប្រតិភូបានសិក្សាស្វែងយល់ លើចំណុចសំខាន់ៗបន្ថែម ជាអាទិ៍៖
១.ជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងថាមពលនៃរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីក្របខណ្ឌ គោលនយោបាយយុទ្ធសាស្រ្ត ក្របខ័ណ្ឌការងារ ព្រមទាំងការផ្តួចផ្តើមរបស់រដ្ឋសហព័ន្ធអាល្លឺម៉ង់លើឧស្សាហកម្ម ៤.០។
២.ធ្វើទស្សនកិច្ចមជ្ឈមណ្ឌលជួយកសាងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងការផ្លាស់ប្តូរទៅឌីជីថល។
៣.ពិភាក្សាជាមួយធុរកិច្ចបង្កើតថ្មីដែលផ្តល់សេវាសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី។
៤.ទស្សនកិច្ចនៅស្ថាប័នស្រាវជ្រាវដែលកំពុងអនុវត្តការងារយ៉ាងសកម្មក្នុងការស្រាវជ្រាវលើវិស័យឧស្សាហកម្ម៤.០ ដើម្បីស្វែងយល់ពីទំនាក់ទំនងរវាង ចំណេះដឹងនិងចំណេះធ្វើផ្នែកវិទ្យាសាស្ត្រ ឆ្ពោះទៅដល់អាបង្កើតអាជីវកម្មបាន។
៥.ជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ដើម្បីស្វែងយល់ពីរបៀបនៃការធ្វើអាជីវកម្មបែបឌីជីថល បញ្ហាប្រឈមនិងដំណោះស្រាយ។
ជាការកត់សំគាល់ ការអនុវត្តគោលនយោបាយឌីជីថល ឬ ឧស្សាហកម្ម៤.០ មិនសំដៅដល់ត្រឹមតែការទូទាត់សាច់ប្រាក់បែបឌីជីថល (E-Payment) ប៉ុណ្ណោះទេ តែវាជាការបង្កើនចំណូលដល់អាជីវករតាមរយៈ ការបង្កើនប្រសិទ្ធភាពនិងគុណភាពផលិត ការបង្កើនភាពជឿជាក់ ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយអតិថិជន និង ការផលិតរបស់ឬផ្តល់សេវាដែលត្រូវចិត្តអតិថិជន។