ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមកម្មវិធី VIVA Technology 2019 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ដល់ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៌ Porte de Versailles ដែលស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង។
Yកម្មវិធី VIVA Technology 2019 គឺជាកម្មវិធីកម្រិតពិភពលោកដ៏ធំមួយក្នុងវិស័យបច្ចេកវិទ្យាសម្រាប់អាជីវកម្មបង្កើតថ្មីវិស័យបច្ចេកវិទ្យា (Tech Startups) និងថ្នាក់ដឹកនាំទូទាំងពិភពលោកមកពីវិស័យឯកជននិងវិស័យសាធារណៈ។ កម្មវិធីនេះក៏ជាវេទិកាបង្ហាញអំពីនវានុវត្តន៍ថ្មីនិងមានការតាំងពិព័ណ៌បច្ចេកវិទ្យាដោយមានវត្តមានអ្នកចូលរួមសរុបប្រមាណជាង១០ម៉ឺននាក់ , អាជីវកម្មបង្កើតថ្មីប្រមាណ ៩០០០, វិនិយោគិនចំនួនជាង ១៩០០ និងអ្នកសារព័ត៌មានប្រមាណ ១៩០០ នាក់។
ក្នុងការចូលរួមកម្មវិធី VIVA Technology 2019 នេះគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា បានចូលរួមក្នុងកម្មវិធីសន្និសីទបើកកម្មវិធីនិងការពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល ដោយមានការចូលរួមពីវាគ្មិនកំពូលៗមួយចំនួនរួមមាន ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃប្រទេសបារាំង, ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា, លោក Jack Ma នាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group, លោកស្រី Ginni Rometty ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន IBM និងវាគ្មិនជានាយកប្រតិបត្តិជាច្រើនទៀត។ ជាមួយគ្នានេះដែរ គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានទស្សនាការពិព័រណ៌ បច្ចេកវិទ្យា និងបានពិភាក្សាជាមួយសហគមន៍ La French Tech អំពីការចូលរួមរបស់សមាគមន៍ La French Tech នៅកម្ពុជា ក្នុងការរួមចំណែកជំរុញដល់ Tech Starts up Ecosystem នៅកម្ពុជាផងដែរ។
ក្នុងការចូលរួមកម្មវិធីនេះ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា ក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Alisee de Tonnac នាយកប្រតិបត្តិនៃក្រុមហ៊ុន Seedstars ផងដែរ។ ដោយពិនិត្យឃើញថា Tech Startups Ecosystem មានការរីកចម្រើនគួរឱ្យកត់សម្គាល់ រួមផ្សំនឹងកិច្ចសហប្រតិបត្តិការកន្លងមកនេះ, ក្រុមហ៊ុន Seedstars នឹងសហការជាមួយកម្ពុជាដើម្បីរៀបចំ Regional Seedstars Summit 2019 ដែលគ្រោងនឹងធ្វើនាចុងឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ។