កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី Startup Nations Ministerial និងកិច្ចប្រជុំពិភពលោកស្តីពី Global Entrepreneurship Congress

813

កាលពី​ថ្ងៃច័ន្ទ​ ១១​កើត​ ​ខែចេត្រ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព​.​ស​.​ ២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩ ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជា​អនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាមូលនិធិ ស.អ., គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, តំណាង​ GEN កម្ពុជា,​ តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងតំណាងក្រុមហ៊ុនមកពីវិស័យឯកជន ​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីធុរកិច្ចបង្កើតថ្មី (Startup Nations Ministerial) នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ​និងកិច្ចប្រជុំពិភពលោកស្តីពីសហគ្រិនភាព ​(Global Entrepreneurship Congress) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅរាជធានីម៉ាណាម៉ា​ នៃប្រទេសបារ៉ែន ​។

Startup Nations Ministerial គឺជាវេទិកាសន្ទនាកម្រិតខ្ពស់ប្រចាំឆ្នាំមួយដែលថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈនិងអ្នកជំនាញផ្នែកសហគ្រិនភាពនៅទូទាំងពិភពលោក ជួបជុំដើម្បីពិភាក្សាស្វែងរកយន្តការជំរុញសហគ្រិនភាព​ ដោះស្រាយបញ្ហាប្រឈមនិងលើកទឹកចិត្តបន្ថែមចំពោះធុរកិច្ចបង្កើតថ្មី (Tech Startup) ក្នុងគោលបំណងជំរុញឱ្យអាជីវកម្មទាំងនោះមានការវិវត្ត ក៏ដូចជារីកចម្រើនទៅមុខបន្ថែមទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើប្រធានបទចំនួនបីគឺ​​ ទី១. បទពិសោធន៍ជាគោលនយោបាយដែលមិនទទួលបានភាពជោគជ័យ៖ ផ្តោតលើការជួយដល់ថ្នាក់ដឹកនាំទូទាំងពិភពលោកពិចារណានិងជៀសវាងនូវកំហុសដដែលៗ,​ ទី២. អភិក្រមល្អបំផុតសម្រាប់ដោះស្រាយបញ្ហាប្រឈម​ដែលត្រូវបានចោទក្នុងក្របខណ្ឌនិយ័តកម្ម, និងទី៣. ការរៀបចំគោលនយោបាយដោយផ្អែកលើយន្តការថ្មីនៃការវិភាគទិន្នន័យ។

ក្នុងកិច្ចប្រជុំ Startup Nations Ministerial, ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា​ ប្រធានគណៈប្រតិភូកម្ពុជា បានចែករំលែកអំពីបច្ចុប្បន្នភាពនៃយន្តការរៀបចំនិងជំរុញសហគ្រិនភាពក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោល-នយោបាយនិងសកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតលើការជំរុញនិងគាំទ្រដល់ធុរកិច្ចបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យា ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យអាទិភាពនេះក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ (ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤) ផងដែរ។ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាប្រឈមនិងដំណោះស្រាយដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់ចេញនាពេលខាងមុខ ដោយឯកឧត្តមបានលើកឡើងថា ការចុះបញ្ជីគឺជាបញ្ហាប្រឈមសម្រាប់ Tech Startup និង​​ MSMEs ដូចគ្នាទៅនឹងការលើកឡើងដោយតំណាងប្រទេសភាគច្រើនជាអាទិ៍ អាហ្សង់ទីន បារ៉ែន កូឡុមប៊ី ប្រេស៊ីល កាមេរូន និងឥណ្ឌា។ល។ ហេតុនេះរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើតច្រកចេញចូលតែមួយដើម្បីចុះបញ្ជី Tech Startup និង​​ MSMEs នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតលទ្ធភាពសម្រាប់ Tech Startup ស្វែងរកធនធានជំនាញបន្ថែមតាមរយៈការផ្ទេរបច្ចេកវិទ្យា, ការទទួលបានឱកាសទទួលទុន ឬហិរញ្ញប្បទានបន្ថែម, ការទទួលបានការ វិនិយោគបន្ថែម និងកម្មវិធីណែនាំ (supporting program and mentorship)។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់ក្នុងការផ្សាភ្ជាប់រវាង Tech Startups ជាមួយនឹងសហគ្រាសធុនតូចនិងមធ្យមដើម្បីបង្កើតគុណតម្លៃថ្មី និងឈានដល់ការនាំចេញផលិតផល ឬសេវាកម្មទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោកផងដែរ។

ស្របពេលចូលរួមកិច្ចប្រជុំ Startup Nations Ministerial ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ក៏បានជួបពិភាក្សាជាមួយលោក John Kilmartin, Executive Director – ICT & Startup Business Development,  ជាសមាជិកក្រុមបឹ្រក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចបារ៉ែន និងជាស្ថាបនិក Tech startup និងសហគ្រិនភាពនៅប្រទេសបារ៉ែន, អំពីបទពិសោធន៍នៃការទទួលបានភាពជោគជ័យនៃការជំរុញ Tech Startup Ecosystem តាំងពីឆ្នាំ២០១៧ នៅប្រទេសប៉ារ៉ែន ដែលមានភាពស្រដៀងគ្នាទៅនឹងកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជាបានបំពេញតាំងពីឆ្នាំ២០១៧ តាមរយៈក្របខណ្ឌគោលនយោបាយនិងគតិយុត្ត ក្រុមប្រឹក្សាមូលនិធិ ស.អ. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធទាំង ០៥ ទៀត ដែលជាសេនាធិការបាននិងកំពុងធ្វើកន្លងមកនេះ រួមជាមួយនឹងដៃគូសំខាន់ៗរួមមានវិស័យឯកជន, សហគម Tech Startup ជាមួយនឹង MSMEs, ប្រតិបត្តិករទូរគមនាគមន៍និង ICT, ស្ថាប័នអប់រំនិងស្រាវជ្រាវ, និងសង្គមស៊ីវិល ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និង Ecosystem សម្រាប់ Tech startup និងសហគ្រិនភាព, ការជំរុញនិងលើកទឹកចិត្តយុវជនដែលមានទេពកោសល្យ, និងការជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ។ ចំណុចស្រដៀងគ្នាទាំង០៦ ដែល លោក John Kilmartin បានលើកឡើងរួមមាន ១. ការផ្សាភ្ជាប់ភាគីពាក់ព័ន្ធ ២. ការរៀបចំកម្មវិធី Incubator ៣. ការពង្រឹងស្ថាប័នអប់រំ ៤. ការផ្សាភ្ជាប់រវាង Tech startups ជាមួយនឹងក្រុមហ៊ុនធំៗ ៥.​ ការជំរុញការវិនិយោគចំពោះ Tech Startup និងទី៦. គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ Tech Startups។

គួរកត់សម្គាល់ផងដែរថា Startup Nations Ministerial មានការចូលរួមដោយអ្នករៀបចំធ្វើគោលនយោបាយពីតំណាងប្រទេសចំនួន៥៤, វាគ្មិនល្បីៗ,  អ្នកធ្វើនវានុវត្តន៍, អ្នកស្រាវជ្រាវ និងអ្នកចូលរួមមកពីជុំវិញពិភពលោកប្រមាណជាង១០០០នាក់​​។