ពិធីប្រគល់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាទាំង៥រូបបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី១៥ មីនា ២០១៩ ល្ងាចមិញនេះ នៅសណ្ឋាគារ Raffle Le Royal រៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមអធិបតេយ្យភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។សម្រាប់ឆ្នាំ២០១៩នេះ យើងទទួលបានពាក្យស្នើសុំបេក្ខភាពសរុបចំនួន៣៦នាក់ ហើយបន្ទាប់ពីដាក់ពាក្យរួចមានការជ្រើសរើស២ដំណាក់កាល។
ដំណាក់កាលទី១ ជាការជ្រើសរើសសម្រិតសម្រាំងលើភាពត្រឹមត្រូវតាមលក្ខខណ្ឌ និងសក្ដានុពលរបស់បេក្ខនារីទាំងអស់។ យើងមានគណកម្មការចំនួន៥រូប ដែលក្នុងដំណាក់កាលនេះយើងជ្រើសរើសបាន១៨នាក់ ដែលត្រូវបញ្ជូនដល់ការជ្រើសរើសក្នុងដំណាក់កាលបន្ត។
ទី២ ជាការសម្ភាសជាមួយបេក្ខនារីផ្ទាល់ ជាមួយគណកម្មការមកពីស្ថាប័នចម្រុះមានដូចជា តំណាងក្រសួងកិច្ចការនារី អង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍បច្ចេកវិទ្យា សមាគមន៍សហគ្រិនស្ត្រីកម្ពុជា និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គណកម្មការនឹងជ្រើសរើសបេក្ខភាពចំនួន៥រូបដើម្បីទទួលពានរង្វាន់កិត្តិយសទាំង៥ប្រភេទ។
កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០១៩ (Cambodia Women In Tech 2019) គឺជាកម្មវិធីបង្កើតឡើងដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងព្រះរាជាណាចក្រកម្ពុជា។ បេក្ខនារីឆ្នើមចំនួន ៥រូប ដែលទទួលពានរង្វាន់ដូចខាងក្រោម៖
១. ពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) ផ្តល់ជូន លោកស្រី Pong Limsan ជាប្រធាននិងអ្នកបង្កើតក្រុមហ៊ុន First Womentech Asia ដែលជាក្រុមហ៊ុនក្នុងស្រុកមានជំនាញការបង្កើតសូហ្វវែរកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងកម្មវិធីផ្សេងៗទៀតបម្រើនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាល។
២. ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award) ផ្តល់ជូន លោកស្រី Kim Solyda ជាអគ្គនាយករងផ្នែកអផិវឌ្ឍកម្មវិធីប្រព័ន្ធធនាគារ នៅធនាគារ Chip Mong Commercial Bank។ លោកស្រីបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តកុំព្យូទ័រ ហើយបានធ្វើការដោយប្រើប្រាស់ជំនាញនេះរហូតមកដល់សព្វថ្ងៃ។
៣. ពានរង្វាន់ស្ត្រីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodia Woman ICT for Community Award) ផ្ដល់ជូនលោកស្រី Heang Oumouy បច្ចុប្បន្នជាឯកអគ្គរាជទូតថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំកម្ពុជា។ លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ សម្របសម្រួលសហគមន៍អ្នកស្ម័គ្រចិត្តនៅកម្ពុជា រៀបចំកម្មវិធីជំរុញការបណ្ដុះបណ្តាលកុមារីលើការសរសេរកូដ និងបង្កើតសូហ្វវែរកម្មវិធី ដោះស្រាយបញ្ហាផ្សេងៗ។ តាមរយៈកម្មវិធី Technovation ដែលបង្កើតឡើងជារៀងរាល់ឆ្នាំ មានកុមារប្រមាណ៥០០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញ សរសេរកូដ សហគ្រិនភាព និងការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា។
៤. ពានរង្វាន់ ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត ( Creative Digital Content Award ) ផ្តល់ជូនកញ្ញា Seng Sokheng អ្នកបង្កើតគេហទំព័រវប្បធម៌ ( Wapatoa.com ) ដែលជាគេហទំព័របង្កើតឡើងសម្រាប់ផ្តល់នូវមាតិកាព័ត៌មានផ្តោតលើប្រធានបទអប់រំ វប្បធម៌ និងការរំលែកពីឧត្តមគិតល្អៗដល់យុវជនកម្ពុជា។ កញ្ញាបានសរសេរអត្ថបទជាភាសាអង់គ្លេសជាង១០០ អត្ថបទ និងជាភាសាខ្មែរជាង៥០ អត្ថបទដោយខ្លួនឯងសម្រាប់ផ្សព្វផ្សាយ។ រាល់អត្ថបទដែលសរសេរឡើងមានភ្ជាប់រសនិយម កំប្លុកកំប្លែង ភាសាងាយស្រួលស្តាប់ និងមានទិសដៅតម្រង់ឆ្ពោះយុវជនកម្ពុជា។ អត្ថបទឌីជីថលរបស់កញ្ញាទាំងអស់មានចំនួន ១,២ លានដង។
៥. ពានរង្វាន់ ពន្លកថ្មី ( Girl Innovator ) ផ្តល់ជូនប្អូនស្រី Chhy Sokuntevy អាយុ ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។ ប្អូនស្រីបានប្រឹងប្រែងបង្កើតនូវកម្មវិធីមួយមានឈ្មោះថា E-Lab ដែលជាកម្មវិធីទូរសព្ទដៃជំនួយ ដល់សិស្សថ្នាក់ទី៧ ដល់ទី១២ ក្នុងការអនុវត្ត និងធ្វើពិសោធន៍លើមុខវិជ្ជាវិទ្យាសាស្រ្ត នៅផ្ទះដោយខ្លួនឯង។ កម្មវិធីនេះមានបំណងធ្វើឲ្យសិស្ស ងាយយល់ឆាប់ចាប់បាននូវមេរៀនវិទ្យាសាស្ត្រ ហើយបង្កើតភាពរីករាយចង់ចេះចង់ដឹង បន្ថែមពីលើទ្រឹស្តីដែលខ្លួនរៀននៅសាលា។