ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសស្រាក់សស្រាំនាពេលកន្លងមកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២ សម្រាប់ឆ្នាំ២០១៩ បន្តទៀត។ កម្មវិធីនេះនឹងបើកឱកាសដល់សាធារណជនទូទៅស្នើបេក្ខភាពស្រ្តីគ្រប់រូបដែលខ្លួនទទួលស្គាល់ថាជាស្រ្តីគំរូ ជាស្ត្រីឆ្នើម និងសកម្មបានចូលរួមច្រើនក្នុងការអភិវឌ្ឍវិស័យប.គ.ព ក្នុងប្រទេសដើម្បីទទួលពានរង្វាន់កិត្តិយសជា ” ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង ប.ទ។ បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួនដើម្បីចូលរួមលើកកម្ពស់វិស័យនេះនិងជំរុញការចូលរួមរបស់ស្រ្តីផ្សេងទៀតផងដែរ។ ក្រសួងប.ទ នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីទាំងនោះ ហើយផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម ក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា “Digital Cambodia” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។
ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០១៩ មាន ០៥ ប្រភេទដូចខាងក្រោម៖
១. សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) នឹងត្រូវបានផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ និងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ព ប្រកបដោយជោគជ័យ មានការទទួលស្គាល់ក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២. វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) នឹងត្រូវបានផ្តល់ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួលបានជោគជ័យក្នុងការប្រើប្រាស់ជំនាញរបស់ ខ្លួនបម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន។
៣. ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award)នឹងត្រូវផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំមានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួនដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គមឬសហគមន៍ ឬក៏ជាស្រ្តីដែលបានបង្កើតដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់បម្រើដល់ប្រយោជន៍សង្គមមិនគិតថ្លៃ។
៤. ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) ចំពោះស្រ្តីដែលមានស្នាដៃអាចបង្កើតមាតិកាព័ត៌មាន (Multimedia Content, Digital Art and Design etc.) ដែលប្លែក ហើយមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងវប្បធម៌។
៥. ពន្លកថ្មី(Girl Innovator) ពានរង្វាន់នេះផ្តល់ដល់កុមារីអាយុក្រោម១៨ឆ្នាំ អាចជាបុគ្គលឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។
អ្នកដែលចូលរួមក្នុងកម្មវិធីនេះ ក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី Digital Cambodia ដែលនឹងប្រព្រឹត្តិទៅនៅខែមិនា ឆ្នាំ២០១៩ ខាងមុខនេះដែរ។
សម្រាប់ការស្នើបេក្ខភាពស្ត្រីឆ្នើមចូលរួមក្នុងកម្មវិធីនេះ សូមចុចលើតំដភ្ជាប់ដូចខាងក្រោម៖
ចុចទីនេះដើម្បីបំពេញពាក្យស្នើសុំបេក្ខភាព(NOMINATION)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
Email: info@cbrd.gov.kh
Tel: 012 717 318/086 478 772
គណកម្មការរៀបចំកម្មវិធីរក្សាសិទ្ធក្នុងការកែប្រែកម្មវិធីដោយមិនចាំបាច់ចូលដំណឹងជាមុនក្នុងករណីចាំបាច់