សន្និសីទសារព័ត៌មានស្តីអំពី “ឌីជីថល កម្ពុជា ២០១៩”

1391

ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីកម្មវិធី “ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019)” ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង ប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. អមដោយ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. តំណាងក្រុមហ៊ុន Smart Axiata និងតំណាងក្រុមហ៊ុន Viettel (Cambodia)។

កម្មវិធី Digital Cambodia 2019 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់កម្មវិធី, ​គាំទ្រ​ដោយ​ក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ.​ ដែលជាចំណែកវិភាគទានធំទី១បង់​ដោយក្រុមហ៊ុន Smart Axiata និងចំណែកវិភាគទានធំទី២បង់ដោយក្រុមហ៊ុន Viettel (Cambodia) ព្រមទាំងមានការឧបត្ថម្ភពីក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និងដៃគូមួយចំនួនទៀត។   ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations ។

កម្មវិធី Digital Cambodia 2019 ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១របស់ព្រះរាជាណាចក្រកម្ពុជាដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន, ៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ​ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ, ៥. ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

គួរបញ្ជាក់ផងដែរថា កម្មវិធីចម្បងៗដែលមានក្នុងកម្មវិធី Digital Cambodia 2019 ៖

១.វេទិកាថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន។

២.សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃ បច្ចេកវិទ្យាឌីជីថ។

៣.ពិព័រណ៍ឌីជីថលទាំងថ្នាក់ជាតិនិងថ្នាក់តំបន់។

៤.ការប្រគល់ពានរង្វាន់ Cambodia ICT Awards និង Women in Tech Awards សម្រាប់ផលិតផលបច្ចេក-វិទ្យាដែលមានលក្ខណៈច្នៃប្រឌិត​​ និងនវានុវត្តន៍​។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះកម្មវិធី Digital Cambodia 2019 ថា “Digital Cambodia 2019 គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងទាញយកចំណាប់អារម្មណ៍អ្នកវិនិយោគខាងក្រៅប្រទេសឱ្យងាកសម្លឹងមកកម្ពុជា។ នេះជាការបោះជំហានសម្រាប់ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦។ ក្រសួងប.ទ. គាំទ្រនូវការបង្កើតនូវកម្មវិធីទំនាក់ទំនងបែបនេះក្រោមការប្រើប្រាស់មូលនិធិ ស.អ.។ ក្នុងឆ្នាំ២០១៩ និង២០២០ ខាងមុខ មូលនិធិ ស.អ. បានលៃលកថវិកាមួយផ្នែកសម្រាប់ធ្វើឱ្យកាន់តែប្រសើរឡើងនូវ Ecosystem នៃការបង្កើតមុខរបរខាងផ្នែកបច្ចេកវិទ្យាក្នុងស្រុក។ យើងសង្ឃឹមថាប្រជាជនកម្ពុជាជាច្រើននឹងទទួលបានប្រយោជន៍ពីការផ្តួចផ្តើមទាំងនេះ។”

ឯកឧត្តម​ កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ បានមាន​ប្រសាសន៍​ថា “ដើម្បីឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងក្របខណ្ឌផែនការនិងក្របខណ្ឌគតិយុត្តមួយចំនួនទៀត ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍បានប្រឹង​ប្រែង​​អនុវត្ត​​នូវផែនការ​ពង្រីក​​ហេដ្ឋារចនាសម្ព័ន្ធទូរគមនា​គមន៍ទូទាំង​ផ្ទៃប្រទេស រួមទាំង​ការ​ពង្រឹង​នូវ​គុណភាពសេវា​​​ស្របតាម​ការវិវត្តន៍របស់​បច្ចេកវិទ្យាទំនើប​​​, បាន​ចូលរួមជំរុញការបណ្តុះបណ្តាល​ធនធានមនុស្សជំនាញ​បច្ចេកទេស,​​​ ព្រម​ទាំងបាន​បង្កើត​បទដ្ឋាន​គតិយុត្តមួយចំនួនដើម្បី​​ទ្រទ្រង់​​ដល់​ការអភិវឌ្ឍ​​ផ្នែកឌីជីថល។​ ​​អ្វី​ដែល​សំខាន់នោះ​គឺយើង​បានបង្កើត​​យន្តការ​សហការ​យ៉ាងស្អិត​រមួត​ជាមួយ​វិស័យឯកជន​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​វិស័យនេះ។ ​ជាជំហានបន្ទាប់​ ក្រសួងនឹង​បន្ត​ប្រើប្រាស់​យន្តការ​ដែលបាន​អនុវត្តប្រកប​ដោយ​​​​ជោគជ័យ​នា​ពេល​កន្លងមក និងគិត​គូរបន្ថែម​លើ​ការ​អភិវឌ្ឍ​ឧស្សា​ហកម្មបច្ចេកវិទ្យា​ក្នុងស្រុក​ឱ្យ​កាន់​តែ​មាន​ភាពសម្បូរបែ​ប​តាមរយៈ​​ការ​ទាក់ទាញ​ការ​វិនិយោគ​ឧស្សាហកម្ម ប.គ.ព ខ្នាតធំ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាស​​កាស​​អំណោយផលដល់ការបង្កើតអាជីវកម្មចាប់ផ្តើមថ្មី (Startup)​ខាង​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក​។”

    ​​

ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT បាន​មាន​ប្រសាសន៍​ថា “Digital Cambodia 2019 ​នេះ​​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ការជួយ​ជំរុញ​កម្ពុជាឆ្ពោះទៅកាន់ឧស្សាហកម្ម​ជំនាន់ ៤​ តាមរយៈ​ ការពិភាក្សានិង​ចែករំលែក​បទពិសោធន៍​ពី​អ្នកជំនាញ​ជាតិនិងអន្តរជាតិដើម្បីឈានទៅបង្កើតនូវបរិដ្ឋាន​អំណោយផលសម្រាប់ការបំលាស់ប្តូរទៅកាន់ឌីជីថលនៅកម្ពុជាដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងសង្គមតាមរយៈការនាំមកនូវគំរូអាជីវកម្មដែលមានលក្ខណៈនវានុវត្តន៍ ការបង្កើនលទ្ធភាពប្រកួតប្រជែង និងការបង្កើតការងារកាន់តែច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។”

គួរបញ្ជាក់ផងដែរថា Digital Cambodia 2019 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន តំណាងមកពី Regional ITU តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានវាគ្មិនប្រមាណ ៧០ រូប។ កម្មវិធីនេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៥០ ស្តង់ និងសង្ឈឹមថានឹងមានអ្នកចូលរួមប្រមាណ ២០, ០០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករ​ទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍។