ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិស.អ. សម័យប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ ក្រុមប្រឹក្សាមូលនិធិ ស.អ. បានរៀបចំសន្និសីទសារព័ត៌មានអំពី ដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. អមដោយ ឯកឧត្តមជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍និងជាប្រធានលេខាធិការដ្ឋាននៃក្រុម-ប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍។
ក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ឯកឧត្តម កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្តច្បាប់ទូរគមនាគមន៍ និងការបង្កើតមូលនិធិ ស.អ.នេះឡើង ក្នុងឆ្នាំ២០១៧ មានប្រតិបត្តិករទូរគមនាគមន៍ចំនួន ៨៧% (ប៉ែតសិបប្រាំពីរភាគរយ) បានបង់វិភាគទានចូលមូលនិធិ ស.អ. ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ស្របតាម ផែនការ ស.អ. ឆ្នាំ២០១៧-២០១៨ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ថវិកាមូលនិធិ ស.អ. បានចំណាយលើការអនុវត្តគម្រោងជាច្រើនរួមមាន៖
១. ការផ្តល់អាហារូបករណ៍ដល់និសិ្សតសិក្សាផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំនួន ៨៤ (ប៉ែតសិបបួន) នាក់ (៣០នាក់នឹងចូលរៀនក្នុងឆ្នាំ២០១៩) ដែលក្នុងនោះ មានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងថ្នាក់អនុបណ្ឌិតចំនួន ០៣ (បី) រូប និងបរិញ្ញាបត្រសិក្សាក្នុងស្រុកចំនួន ៨១ (ប៉ែតសិបមួយ) រូប និងការផ្តល់ថវិកាទ្រទ្រង់វគ្គបណ្តុះ-បណ្តាលជំនាញ ប.គ.ព ជាក់ស្តែង ដល់និសិ្សតបានចំនួន ២គម្រោងរួមមាន Soft Skill Training ក្នុងវិស័យ ទ-បគព និងកម្មវិធី Cambodia ICT Volunteer។
២. ការស្ថាបនាបន្ទប់កុំព្យូទ័រនៅតាមវិទ្យាល័យចំនួន ២០ (ម្ភៃ)ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានជជែកពិភាក្សារវាងក្រសួងទាំងពីររួចរាល់ រងចាំការអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ។
៣. ផ្តល់ថវិកាដល់ការងារស្រាវជ្រាវចំនួនបី ដែលកិច្ចការស្រាវជ្រាវនឹងចាប់ផ្តើមក្នុងពេលខាងមុខ ដោយការស្រាវជ្រាវទាំងនោះរួមមាន IoT, Data Science និង Khmer Language Processing។
៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប.គ.ព ដោយបង្កើតនូវបន្ទប់ពិសោធន៍
និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់វិស័យអប់រំ មានដូចជា៖
-Incubation Center នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-Incubation Center នៅសកលវិទ្យាល័យជាតិគ្រប់គ្រង
-ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការងារគ្រប់គ្រងតាមសាលារៀន
-បន្ទប់ពិសោធន៍ខាងផ្នែកបណ្តាញនៅវិទ្យាស្ថានNIPTICT
-មជ្ឈមណ្ឌលនវានុវត្តន៍នៅវិទ្យាស្ថានNIPTICT
៥. ការទ្រទ្រង់សកម្មភាព និងកម្មវិធីមួយចំនួនដើម្បីបង្កើនសហគ្រិនភាពខាងផ្នែកបច្ចេកវិទ្យានៅកម្ពុជា ដោយមាន ទាំងការបណ្តុះបណ្តាលជំនាញ និងមុខរបរ ព្រមទាំងការប្រកួតប្រជែងទាំងក្នុងនិងក្រៅស្រុកចំនួន ០៧ (ប្រាំពីរ) គម្រោង ព្រមទាំងផ្តល់គម្រោង SMEs Go Digital ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ដឹកនាំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគម្រោងនេះនឹងបន្តអនុវត្តនៅឆ្នាំក្រោយៗទៀត។
មុននឹងបញ្ចប់ ឯកឧត្តម កាន ច័ន្ទមេតា្ត បានស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍មួយចំនួនតូចដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិស.អ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិ ស.អ. ចាត់វិធានការបន្ទាប់។