កម្មវិធី “Cambodia Tech Summit 2018”

899

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និងក្រុមហ៊ុនស្មាត អាស្យាតា (Smart Axiata) បានរៀបចំ Cambodia Tech Summit 2018 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួងប.ទ.)និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. ដោយប្រើប្រាស់កញ្ចប់ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព ​និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.)។ ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានាដែលក្រសួងបានខិតខំកន្លងមកហើយឯកឧត្តមក៏បានសំណូមពរឱ្យមានកម្មវិធីបែបនេះបន្តទៀតដើ ម្បីជំរុញដល់ការលូត-លាស់វិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច។

កម្មវិធី Cambodia Tech Summit 2018 ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Sofitel ភ្នំពេញ មានវត្តមានពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាននិងសមាជិកក្រុមប្រឹក្សា  មូលនិធិស.អ. តំណាងពីស្ថានទូត វាគ្មិនជាតិនិងអន្តរជាតិ Tech Startups និងសិស្សនិស្សិត និងមានកម្មវិធីចម្បងចំនួន០៣ (បី) រួមមាន ១. Cambodia Tech Startup Report, ២. Smart Tech Talk និង៣.  Seedstars Phnom Penh។

១. Cambodia Tech Startup Report ត្រូវបានធ្វើបទបង្ហាញដោយ Zoe Ng សហស្ថាបនិកនិងនាយកគ្រប់គ្រងនៃ Raintree Development កញ្ញា Chan Penhleak ជាប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនិងសហគមន៍នៃ Raintree Development និងលោក Kem Bora ដៃគូនៃMekong Strategic Partners។ របាយការណ៍នេះគឺជាធាតុចូលដ៏សំខាន់សម្រាប់អ្នកដែលពាក់ព័ន្ធក្នុងវិស័យឌីជីថល រាប់បញ្ចូលទាំងអ្នកសិក្សាស្រាវជ្រាវ អ្នកវិនិយោគ និងអ្នករៀបចំគោលនយោបាយអភិវឌ្ឍន៍ Tech Startups។

២. កម្មវិធី Smart Tech Talk គឺជាការធ្វើបទបង្ហារបស់វាគ្មិនជំនាញពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាដែលមានប្រធានបទដូចជា៖

-Building For The Next Billion Users By Su Ann Lim, Industry Head, Google

-Origin To Scale: Helping You Build A Successful Business By Huy Nguyen-Toung, Growth Manager, Facebook

-ASEAN Startups: Where Does Cambodia Stand?By Toshiya Matsuo, Executive Officer, Transcosmos.Inc

-The Obscure And Unknown In A Changing Digital World By Paul Ark, Managing Director Corporate Venture Capital, Digital Ventures

-Mobile Tech: The Fronttrunner Of The New Age By Mike Macdonald, Group CTO And Executive Comsultant, Hauwei SEA

-Digital Culture: Where Tasks Transcend The Office By Laura Yee, Head Of Business Development Leaderonomics

៣. កម្មវិធី Seedstars គឺជាបណ្តាញអ្នកវិនិយោគដ៏ធំមួយនៅលើពិភពលោក និង​មានទីតាំងធំនៅក្នុងប្រទេសស្វីស។​ ជារៀងរាល់ឆ្នាំនៅក្នុងខែមេសា SeedStars តែងតែរៀបចំកម្មវិធី SeedStars Global Summit នៅប្រទេសស្វីស​ ដែលក្នុងនោះរួមមានការធើ្វបទបង្ហាញខ្នាតអន្តរជាតិទៅកាន់​បណ្តាវិនិយោគិនផ្សេងៗ។  ឆ្នាំនេះ​គឺជាលើក​ដំបូង​ហើយ​ដែល​​កម្ពុជា​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង។ ជាសកម្មភាពសង្ខេប​​ Seedstars ភ្នំពេញ បានជ្រើសយកTech Startups  ចំនួន​១០ មកធ្វើការបណ្តុះបណ្តាលរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​ Raintree និងបន្តការប្រកួតប្រជែងរកTech Startup ចំនួន០១ (មួយ) ដើម្បីចូលរួម Seedstars Asia Regional Summit នៅថ្ងៃទី២៨​-៣០ ខែវិច្ឆិកា  ឆ្នាំ២០១៨ នា​ទីក្រុងបាងកក ប្រទេសថៃ ដើម្បីមានឱកាសក្នុងការចូលរួម​​ក្នុងកម្មវិធី Seedstars Global Summit  និង​​កម្មវិធី Seedstars Growth Program ក្នុងប្រទេស​ស្វីស​ផងដែរ។

ក្នុងកម្មវិធីប្រកួតប្រជែង SeedStars ថ្ងៃ២១ ខែតុលា ឆ្នាំ២០១៨ នេះ មាន Tech Startup ចំនួន ១០ (ដប់)ចូលរួមប្រកួតប្រជែង រួមមាន ១. Heathogo  ២. Nham24  System Express ៣. Direx​ Play ៤ KH Pages ៥. Joonaak Delivery ៦. Malis ៧. Demine Robotics ៨. Rushero ៩.Sala និងទី១០. Impect Change។ Tech Startups ចំនួន០៣ (បី)  បានជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីនេះរួមមាន ១. Joonaak ២. Demine Robotics និង ៣. Nham 24 ហើយមានតែ Tech Startup ដែលជាប់ចំណាត់ថ្នាក់លេខ១ ប៉ុណ្ណោះ (Joonaak) ដែលត្រូវបន្តទទួលការបណ្តុះបណ្តាលនិងប្រកួតប្រជែងនៅទីក្រុងបាំងកក ប្រទេសថៃ ដើម្បីចាប់យកឱកាសបន្តទទួលការបណ្តុះបណ្តាលនិងប្រកួតប្រជែងនៅប្រទេសស្វីស។

ក្នុងឱកាសថ្លែងសុន្ទរកថាបិទកម្មវិធី ឯកឧត្តម​ កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិស.អ. បានមានប្រសាសន៍អំពីសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងផែនការ៥ ឆ្នាំបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការត្រៀមខ្លួនចាប់យកសេដ្ឋ-កិច្ចឌីជីថល និងឧស្សាហកម្ម ៤.០។ ឯកឧត្តមលើកឡើងថា ដើម្បីសម្រេចបានផែនការខាងលើ រាជរដ្ឋាភិបាលត្រូវផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន៖

១. ការរៀបចំ និងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល

២. ការបន្តធ្វើបច្ចុប្បន្នភាពនិងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យICT

៣. ការបន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់

៤. ការជំរុញ និងបង្កើតមូលដ្ឋានគតិយុត្តគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថល ដោយរួមទាំងការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល និងសន្តិសុខព័ត៌មាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកជាដើម

៥. ការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល

៦. ការអភិវឌ្ឍសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថល

៧. ការបន្តអនុវត្តការងារពាក់ព័ន្ធនឹង Tech Startup ជាមួយនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងធម្យម (MSMEs)

៨. ការបន្តជំរុញ​ MSMEs go for Digital

៩. ការផ្តោតសំខាន់លើទស្សនាទាន “យុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត” និង

១០. ការបញ្ចូលមុខវិជ្ជា STEM និងសហគ្រិនភាព កម្មវិធីគាំទ្រ (supporting program) និងការណែនាំ (mentorship) ក្នុងកម្មវិធីសិក្សាដើម្បីជំរុញដល់សមត្ថភាពសិស្ស។​

ឯកឧត្តមក៏បានលើកឡើងបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយដែល​ SeedStars មកសហការជាមួយវិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុនស្មាត អាស្យាតា ក្នុងការរៀបចំ​ការប្រកួតប្រជែងនិងនាំយក​ Tech Startup កម្ពុជា ទៅប្រកួតប្រជែងក្នុងថ្នាក់​តំបន់​និងពិភពលោក។ បន្ទាប់ពី Tech Startup កម្ពុជា បានចូលរួមប្រកួតប្រជែងនៅកម្មវិធី Echelon Asia Summit 2018 កាលពីខែមិថុនាមុន នៅប្រទេសសឹង្ហបុរី យើងឃើញថា សមត្ថភាព​ Tech Startup របស់​កម្ពុជាយើង​មានការ​រីកចម្រើនគួរជាទីកត់សម្គាល់ពាក់ព័ន្ធនឹង​សមត្ថភាពក្នុងការកែច្នៃ នវានុវត្តន៍ និងជាពិសេស​សមត្ថភាពក្នុងការចូលរួម​ស្វែងរក​នូវគំនិតថ្មីៗដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការវិវត្ត​នៃបច្ចេកវិទ្យានិងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។