រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Hotel Le Royal មានពិធីចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata ស្តីពី “SmartEdu Program កម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជា”។ គោលបំណងនៃការចុះអនុស្សារណៈនៃការយោគយល់នេះគឺដើម្បីអភិវឌ្ឍន៍និស្សិតដែលមានទេពកោសល្យ និងចង់ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងយុគ្គសម័យឌីជីថលថ្មីនេះ។
កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យនៅកម្ពុជានេះ ទទួលបានការឧបត្តម្ភមួយផ្នែកពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.) ដែលជាមូលនិធិកើតចេញពីការបង់ទឹកប្រាក់១%នៃចំណូលដុលរបស់ ប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ចូលរួមការអភិវឌ្ឍ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាគនាគមន៍ និងព័ត៌មានរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ២០១៧កន្លងទៅនេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និងក្រុមហ៊ុន Smart Axiata បានចុះអនុស្សារណៈនៃការយោគយល់ម្តងរួចមកហើយ លើកម្មវិធីអាហារូបករណ៍ Smart Education ដែលអនុញ្ញាតឱ្យនិស្សិតឆ្នើមចំនួន១០នាក់ បានទទួលអាហារូបករណ៍ ដោយក្នុងម្នាក់ៗចំនួន១៥,០០០ដុល្លារ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន NIPTICT។
ចំពោះអនុស្សារណៈនៃការយោគយល់ដោយត្រូវចុះហត្ថលេខាថ្ងៃនេះ នឹងធ្វើឱ្យសកម្មភាពអភិវឌ្ឍធនធានមនុស្សជំនាញផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជាកាន់តែមានការរីកចម្រើនឡើងដោយសារយើងបានពង្រឹងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោនយោបាយអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០២០។
កម្មវិធីអាហារូបករណ៍ SmartEdu ក៏បានបន្ថែមនូវកម្មវិធីមួយទៀត ឈ្មោះថា “កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ” ដែលអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន០៥រូប ទៅធ្វើការងាររយៈពេល០២ខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Smart Axiata នៅប្រទេសម៉ាឡេស៊ី ដោយកម្មវិធីទាំងពីរខាងលើត្រូវប្រើប្រាស់ថវិកាចំនួន ១,៥ លានដុល្លារអាមេរិក។