ជ័យលាភី “ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៨”

1032

ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី  ២១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងវិទ្យាស្ថានជាតិ NIPTICT បានរៀបចំពិធី ប្រគល់ពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ 2018 ក្រោមអធិបតីភាព ឯកឧត្តម​ ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង។

ក្នុងនោះដែរក៏មានការចូលរួមដាក់បង្ហាញនូវសេវាកម្ម និងផលិតផលរបស់ ក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម  គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មីផងដែល។ កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែង ថ្នាក់ជាតិដែលផ្តល់ឱកាសក្នុងការជំរុញនវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការផ្ដល់​ពាន​រង្វាន់​ល្អ​បំផុត​តាម​វិស័យដែល​បាន​ទៅ​លើ៖

-ក្រុម​ហ៊ុនន BanhJi សម្រាប់​ផ្នែក​ការ​ចាប់​ផ្ដើម​ធុរកិច្ច

-​ក្រុមហ៊ុន Soyo សម្រាប់​មាតិកាផ្នែក​ឌីជីថល

-ក្រុម​ហ៊ុន​ Morakot VB សម្រាប់​វិស័យ​ឯកជន​

-អង្គការ​ ODC សម្រាប់​ផ្នែក​មាតិកា​ទទួល​ខុសត្រូវ​ក្នុង​សង្គម

-​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សម្រាប់​វិស័យ​សាធារណៈ។

ពាន​រង្វាន់​ល្អ​បំផុត​តាម​វិស័យ

ជ័យលាភីទាំងបី

ជ័យលាភីលេខ 1 ៖  Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology

ពានរង្វាន់លេខ 1 ដែលមានប្រាក់រង្វាន់ 1 ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Morakot VB (Core Banking System) ដែលជាក្រមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តោត សំខាន់លើប្រព័ន្ធធនាគារ សម្រាប់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ធនាគារ ហាងបញ្ចាំ និងប្រតិបត្តិករ ឥណទាន។

ជ័យលាភីលេខ 2 ៖ Soyo (Cambodia) បង្កើតឡើងដោយក្រុមហ៊ុន Soyo Entertainment Co., Ltd.

ពានរង្វាន់លេខ 2 ដែលមានប្រាក់រង្វាន់ ៣ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Soyo (Cambodia) ជាកម្មវិធីទស្សនាភាពយន្តដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែល បណ្តុំទៅដោយភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដ រាប់ពាន់រឿងជាមួយនឹងការប្រែ សម្រួលជាភាសាខ្មែរ។

ជ័យលាភីលេខ 3 ៖ BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG & Partners Co., Ltd.

ពានរង្វាន់លេខ 3  ដែលមានប្រាក់រង្វាន់ 2 ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន BanhJi។ BanhJi ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលផ្តោតសំខាន់ក្នុងការគាំទ្រ សហគ្រាសធុនតូចនិងមធ្យម ដើម្បីអោយពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ទទួលបាន និងធ្វើការទូទាត់វិក្ក័យបត្រលឿន ព្រមទាំងអាចទទួលបានអាកម្ចី ដោយផ្អែកលើ របាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថាក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង 3 នឹងត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ក្នុងកម្មវិធី Echelon Summit 2018 នៅប្រទេសសិង្ហបុរី និងចូលរួមប្រកួតបន្ត សម្រាប់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Award) ។