សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing

1327

រាជធានីភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និង​ក្រុមហ៊ុន Kepstar Data Centre Management បានរៀបចំ សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing ជា​លើក​ដំបូង ​របស់ខ្លួននៅ​សណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Fourtitude.asia, ក្រុមហ៊ុន តែ អៀកហុង និងក្រុមហ៊ុន Smart Axiata  ដោយ​ប្រើប្រាស់កញ្ចប់​ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.)​ និងមាន​អ្នកចូលរួមប្រមាណ ២០០នាក់​មកពីក្រសួងពាក់ព័ន្ធ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករ​ទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន (ICT) ក្រុមហ៊ុន ចាប់ផ្តើមធុរកិច្ចថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និង​និស្សិត​។

ការរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យ ICT នាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសចំពោះ បច្ចេកវិទ្យា IoT, AI, Big Data, និង Cloud Computing បានក្លាយជាចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានដើរតួនាទីមិនអាចខ្វះបានក្នុងការសម្រេចចិត្ត នៅក្នុងវិស័យពាណិជ្ជកម្មនិងអាជីវកម្ម។ សិក្ខាសាលានេះរៀបចំឡើង​ក្នុង​គោលបំណងផ្លាស់ប្តូរ និងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានចំណេះដឹង បទពិសោធន៍និងភាពជោគជ័យនៅក្នុងការងាររបស់វាគ្មិន ដែលមកពីស្ថាប័នរដ្ឋាភិបាល វិស័យឯកជន ឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យ ICT តាមរយៈ​ការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។ ជាពិសេស សិក្ខាសាលានេះនឹងបង្កើតបានជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍រវាងវាគ្មិន និងអ្នកជំនាញលើវិស័យ ICT ដើម្បីប្រមូលនូវធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជានាពេលខាងមុខក្នុងការត្រៀមរៀបចំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម​ ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានមាន​ប្រសាសន៍​ពេលបើក​អង្គសិក្ខាសាលាថា ដើម្បីសម្រេចឲ្យបាននូវអនាគត​ប្រទេសកម្ពុជា​ក្នុងការបំលាស់ប្ដូរទៅកាន់ឌីជីថល ចំណុចអាទិភាពចំនួន ៤ ដែល​​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍កំពុង​ផ្ដោត​សំខាន់ជាសំខាន់នោះ គឺ​១) ​រដ្ឋាភិបាលឌីជីថល និង​បញ្ហា​សន្តិសុខលើវិស័យ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ២) សេដ្ឋកិច្ច​ឌីជីថល ៣) ការវិនិយោគ​លើ​វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (FDI) និង (៤) ការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅកាន់​   ឌីជីថល។ ឯកឧត្តម បានផ្តល់អនុសាសន៍ ពីការរំលងនូវ​នីតិវិធី និងបច្ចេកវិទ្យាចាស់ៗ (Leapfrog) ដោយដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំព្រួញពេលវេលា ក្នុងការធ្វើបំលាស់ប្តូរ​ទៅកាន់ឌីជីថលនេះ ជាពិសេសសារៈសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងផ្នែកឧស្សាហកម្ម ICT។

ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ​NIPTICT បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ការជួយ​ជំរុញ​កម្ពុជាឆ្ពោះទៅកាន់ឧស្សាហកម្ម​ជំនាន់ ៤.០​ តាមរយៈ​ការពិភាក្សានិង​ចែករំលែក​បទពិសោធន៍​ពី​អ្នកជំនាញ​ជាតិនិងអន្តរជាតិដើម្បីឈានទៅបង្កើតនូវ បរិស្ថាន​អំណោយផលសម្រាប់ការបំលាស់ប្តូរទៅកាន់ឌីជីថលនៅកម្ពុជា ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងសង្គម តាមរយៈការនាំមកនូវគំរូអាជីវកម្មដែលមានលក្ខណៈនវានុវត្តន៍ ការបង្កើនលទ្ធភាពប្រកួតប្រជែង ការបង្កើតការងារកាន់តែច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសសង្ខេបនូវការពិភាក្សា និងថ្លែងសុន្ទរកថាបិទសិក្ខាសាលានេះ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប.ទ. និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិស.អ. បានលើកឡើងថា សិក្ខាសាលាពេញមួយថ្ងៃនេះជាសិក្ខាសាលាទី៣ ដែលពាក់ព័ន្ធនឹង Tech Startups and MSMEs ដែលបានធ្វើកន្លងមក ។  ដោយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានអ៊ិនធឺណិតល្បឿនលឿនហើយ ដូច្នេះការប្រើប្រាស់អ៊ិនធឺណិតក៏មានការកើនឡើងដែរ ដែលជាពេលវេលាមួយដែលយើងត្រូវគិតគូរអំពី Internet of Things, Artificial Intelligence, Big Data, និង Cloud Computing ដែលបច្ចេកវិទ្យាទាំងនេះ​មានសក្កដានុពលយ៉ាងខ្លាំងដល់ការចាប់ផ្តើម និងពង្រីកអាជីវកម្ម (Startup and Scaling up)។

ឯកឧត្តម ​បានបន្តទៀតថា Tech Startups and MSMEs គឺជាទីផ្សារសម្រាប់អ្នកមានជំនាញបច្ចេកវិទ្យា។ ហេតុនេះដើម្បីអាចជ្រៀតចូលក្នុងទីផ្សារនេះបាន​យើងចាំបាច់ត្រូវឱ្យមាន ១. ធនធានមនុស្សនិងកម្លាំងយុវជនប្រកបដោយជំនាញ ២. ការអប់រំមូលដ្ឋានផ្នែកបច្ចេកវិទ្យា និង ៣. ឱកាសក្នុងការបង្កើតការងារនាពេលអនាគត។ ក្នុងន័យដើម្បីឱ្យសម្រេចបានគោលបំណងខាងលើ យើងត្រូវរៀបចំគោលនយោបាយជាក់លាក់ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សចាប់ពីពេលនេះតទៅ រហូតដល់ឆ្នាំ២០៣០ ដោយយកចិត្តទុកដាក់លើការបង្រៀនមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា (STEM) និងមុខវិជ្ជា ប.គ.ព. (ICT) ចាប់ពីថ្នាក់បឋមសិក្សាទៅ។ យើងរៀបចំការបញ្ជ្រាប​ការយល់ដឹងនេះគឺដើម្បីឱ្យអ្នកដែលពុំទាន់មានជំនាញ ឬមានជំនាញទាបនៅឡើយពិចារណាលើការអភិវឌ្ឍខ្លួនជាស្រេចដើម្បីត្រៀមខ្លួននៅពេលដែល​បច្ចេកវិទ្យាអាចធ្វើការជំនួសមនុស្សបាននាពេលអនាគត។