កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker” បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងវិទ្យាស្ថានNIPTICT ក្រុមហ៊ុន e27 និងក្រុមហ៊ុនស្មាតអាស្យាតា ក្រោមការឧបត្ថម្ភរបស់មូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានគោលបំណងជ្រើសរើសអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជាមួយអាជីវកម្មឈានមុខជាងគេទាំង១០០ ដែលបានជ្រើសរើសចេញពីប្រទេសចំនួន២១ ក្នុងតំបន់អាស៊ី។
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា មូលហេតុដែលក្រសួងឧបត្ថម្ភនិងគាំទ្រយកកម្មវិធីនេះមកធ្វើនៅកម្ពុជា គឺដើម្បីបង្កើតនិងពង្រីកឱកាសដល់អាជីវកម្មក្នុងស្រុក ឈានចូលទៅថ្នាក់តំបន់ និងពិភពលោក ព្រមទាំងដើម្បីបង្ហាញនូវសក្តានុពលនៃឧស្សាហកម្ម ប.គ.ព.របស់កម្ពុជា។ យើងចង់បង្កើតនូវ បរិយាសកាសអំណោយផលអាជីវកម្មក្នុងស្រុក ដោយជំរុញការបង្កើតថ្មី ការប្រកួតប្រជែង និងការបង្កើត បណ្តាញទំនាក់ទំនង ទៅក្នុងទីផ្សារផ្នែកបច្ចេកវិទ្យាដ៏ទូលំទូលាយនៅក្រៅប្រទេស។
នៅក្នុងកម្មវិធីលើកទី១នេះ Startups នៅកម្ពុជាចំនួន២១ បានដាក់ពាក្យចូលរួមប្រកួតប្រជែង។ ក្នុងចំណោមនេះ ក្រុមហ៊ុនចំនួន០៥ ដែលមានសក្តានុពលជាងគេ នឹងត្រូវជ្រើសរើសឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្ថែម ក៏ដូចជាចូលរួមតាំងពិព័ណ៌នូវផលិតផលរបស់ខ្លួន ជាមួយបណ្តា Startups នានាមកពីប្រទេសផ្សេងៗនៅក្នុងកម្មវិធី Echelon Summit ២០១៨ នៅប្រទេសសិង្ហបូរី នាអំឡុងខែមិថុនាខាងមុខ។
ក្រុមហ៊ុន៥ដែលបានទទួលបានជ័យលាភីក្នុងការជ្រើសរើសមាន៖ ១. Bookmebus ២. Camboticket ៣. Demine Robotics ៤. SPARE និង ៥.Goama។ ក្រុមហ៊ុនទាំងនេះនិងត្រូវចូលរួមការតាំងពិព័រកម្មវិធី Echelon Summit 2018 គឺជាកម្មវិធីពិពណ៌ថ្នាក់អន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅចុងខែមិថុនានៅសិង្ហបូរី។ កម្មវិធីនេះនឹងមានការចូលរួមតាំងពិពណ៌ពីសំណាក់ Startupsមានសក្តានុពល មកពីប្រទេសផ្សេងៗក្នុងតំបន់ ដែលផ្តល់ឱកាសដល់Startupទាំងនោះបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគ ក្រុមហ៊ុន និងសហគ្រាសធំៗ ដើម្បីបង្កើតបណ្តាញ និងស្វែងរកទុនសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន។