កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០១៩

1579

 

ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃ​របស់​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​រៀបចំ​​កម្មវិធី​​ស្ត្រី​​​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ជាលើកទី២ សម្រាប់​ឆ្នាំ២០១៩ បន្តទៀត​។ កម្មវិធីនេះ​នឹងបើក​ឱកាស​ដល់​សាធារណជន​ទូ​ទៅ​​​ស្នើ​បេក្ខភាព​ស្រ្តី​គ្រប់រូប​ដែលខ្លួន​ទទួលស្គាល់ថា​​​ជា​​ស្រ្តី​​គំរូ​ ជា​ស្ត្រី​​ឆ្នើម និង​សកម្មបានចូលរួម​ច្រើន​ក្នុងការអភិវឌ្ឍ​វិស័យ​ប.គ.ព ក្នុងប្រទេស​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា ” ​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង​ ប.ទ។ បេក្ខនារី​​ក៏​អាចស្នើ​បេក្ខភាពផ្ទាល់​ខ្លួន​ដើម្បីចូលរួម​លើកកម្ពស់​វិស័យនេះនិង​ជំរុញការចូលរួមរបស់​​ស្រ្តី​​ផ្សេង​ទៀត​ផង​​ដែរ។​​ ​ក្រសួង​ប.ទ នឹង​​ជ្រើសរើស​សម្រិតសម្រាំង​​បេក្ខនារីទាំង​នោះ​ ហើយ​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ ក្នុង​កម្មវិធីតាំង​បង្ហាញ​បច្ចេកវិទ្យា​​ដ៏ធំ​ដំបូង​បង្អស់​មួយនៅ​កម្ពុជា​​​​ “Digital Cambodia”  ដែលនឹង​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ ​

ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០១៩ មាន​ ០៥ ប្រភេទដូចខាងក្រោម៖

១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​​ស្រ្តី​​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។

២.​ វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​ ICT Engineer Award)  នឹង​ត្រូវ​បាន​ផ្តល់​ដល់​ស្រ្តី​​ជាអ្នកដឹកនាំ​​​ដែល​មាន​ជំនាញ​ជាវិស្វករ​​​ផ្នែក​បច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​ជំនាញ​របស់ ខ្លួន​​បម្រើ​ការ​ក្នុង​ស្ថាប័នផ្សេងៗ​រហូត​ដល់​ពេល​បច្ចុប្បន្ន​​។​

៣. ​ស្រ្តី​​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់​ការអភិវឌ្ឍ​សង្គម​ឬសហគមន៍​ (​​​​Cambodian Woman ICT For Community Award)​នឹងត្រូវ​ផ្តល់​ដល់​​ស្រ្តី​​ដែលមាន​ភាពជាអ្នកដឹកនាំ​មានជំនាញ​បច្ចេកវិទ្យា​ និង​បាន​ចូល​រួម​យ៉ាង​​សកម្ម​ ដោយ​លះបង់កម្លាំងកាយ​ចិត្ត​ និងពេល​វេលា​របស់​ខ្លួន​ដោយស្ម័គ្រចិត្ត​ក្នុងការ​​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដល់​សង្គមឬ​សហគមន៍​​ ឬ​ក៏ជា​ស្រ្តី​ដែល​បានបង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​បម្រើ​ដល់​ប្រយោជន៍សង្គម​មិន​គិត​ថ្លៃ​។

៤. ​ស្រ្តី​ដែល​​បង្កើត​មាតិកាព័ត៌មានច្នៃប្រឌិត​ ​​(Creative Digital Contents Award)  ចំពោះ​​ស្រ្តី​ដែលមាន​ស្នាដៃ​អាច​បង្កើត​មាតិកា​ព័ត៌មាន (Multimedia Content, Digital Art and Design etc.) ​ដែល​ប្លែក​ ហើយ​មាន​ការច្នៃប្រឌិត​ខ្ពស់ មាន​ប្រយោជន៍​ដល់​សង្គម សេដ្ឋកិច្ច​ និង​វប្បធម៌​​។​​

៥. ពន្លកថ្មី(Girl Innovator) ពានរង្វាន់នេះ​ផ្តល់​ដល់​កុមារី​អាយុក្រោម​១៨​ឆ្នាំ​ អាចជាបុគ្គល​ឬជាក្រុម​ដែលបាន​ច្នៃ​ប្រឌិត​បង្កើតនូវ​​ស្នាដៃ​​បច្ចេកវិទ្យា​ពិសេស​​ណាមួយ​។​

អ្នកដែលចូលរួមក្នុងកម្មវិធីនេះ ក៏​នឹងត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី Digital Cambodia  ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមិនា​ ឆ្នាំ២០១៩​ ខាងមុខ​នេះ​ដែរ។​

សម្រាប់ការស្នើបេក្ខភាពស្ត្រីឆ្នើម​ចូលរួម​ក្នុងកម្មវិធីនេះ សូម​ចុច​លើ​តំដភ្ជាប់​ដូចខាងក្រោម៖

ចុចទីនេះដើម្បីបំពេញពាក្យស្នើសុំបេក្ខភាព(NOMINATION)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖

Email: info@cbrd.gov.kh

Tel: 012 717 318/086 478 772

គណកម្មការរៀបចំកម្មវិធីរក្សាសិទ្ធក្នុងការកែប្រែកម្មវិធីដោយមិនចាំបាច់ចូលដំណឹងជាមុន​ក្នុងករណីចាំបាច់​