បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ៨កើត ដល់ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន ស្មាត អាស្យាតា បានដឹកនាំនិស្សិតចំនួន៤៨នាក់ ដែលបានជាប់ពីការជ្រើសរើសកន្លងមក ឆ្ពោះទៅកាន់សណ្ឋាគារ សុខា សៀមរាប និងរមណីយដ្ឋាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើជំនាញសំខាន់ៗ ដោយផ្អែកលើគោលការណ៍ ៤C ដែលក្នុងនោះរួមមាន៖ ការទំនាក់ទំនង(Communication), ការគិតវិភាគបែបស៊ីជំរៅ (Critical Thinking, ការសហការណ៍(Corporation), និងការគិតច្នៃប្រឌិត(Creativity) បន្ថែមពីនោះនិស្សិតនិងទទួលបានការហ្វឹកហាត់ តាមរយៈលំហាត់ជាក់ស្តែង(Business Simulation) ក្នុងវិស័យICT។
បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលចំនួន១៣ថ្ងៃ នៅសៀមរាបមក កម្មវិធីក៏រកបានបីក្រុមដែលមានពិន្ទុៈខ្ពស់ជាងគេ មកធ្វើបទបង្ហាញវគ្គផ្តាច់ព្រ័ត និងពិធីប្រគល់រង្វាន់នៅសណ្ឋាគារសូហ្វីធែលភ្នំពេញ។ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណី យ៍ និងទូរគមនាគមន៍កម្ពុជា និងឯកឧត្ដម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រុមឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។ ចំណែកឯក្រុមដែលធ្វើបានល្អបំផុតក្នុងអំឡុងពេលចូលរួមសិក្ខាសាលា ទទួលបានប្រាក់រង្វាន់ចំនួន ១,២០០ ដុល្លារ និងនិស្សិតដែលបានធ្វើល្អបំផុតចំនួន ៨រូប នឹងទទួលបានការចុះកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ រយៈពេល ២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ប្រទេសម៉ាឡេស៊ី។
កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការក្នុងខែតុលាឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata ដែលជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
ក្រៅពីនេះ កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ (USDP) នឹងបន្តបណ្ដុះធនធានមនុស្សកំពូលៗ សម្រាប់វិស័យឌីជីថល និងអាជីវកម្មរបស់កម្ពុជាបន្ថែមទៀត។ ថវិកាមួយផ្នែកនៃប្រាក់វិនិយោគទាំង ១លាន៥សែនដុល្លារដែលផ្ដល់ជូនដោយក្រុមហ៊ុន Smart នឹងត្រូវបានបញ្ចូលទៅក្នុងកញ្ចប់ថវិកាជាតិដើម្បីការកសាងសមត្ថភាព ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍។