ជំនួបសំណេះសំណាលរវាងក្រុមប្រឹក្សាភិបាលមូលនិធិស.អ.​ និងម្ចាស់ជ័យលាភី Echelon 27

831

ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) និងសមាជិកក្រុមប្រឹក្សាមូលនិធិស.អ. បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន BookMeBus ជួបដើម្បីសំណេះសំណាល នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តម ត្រាំ អីុវតឹក បានចូលរួមអបអរសាទរដល់ក្រុមហ៊ុន BookMeBus ដែលបានទទួលពានរង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle) កាលពីថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពក្នុងការដឹកនាំ​ Tech Startups របស់កម្ពុជាលើកទី១ ចូលរួមប្រកួតប្រជែងជាមួយ Tech Startups​ ចំនួន ១០០​ នៅអាស៊ី និងបានឈ្នះពានរង្វាន់នេះ។

លោក ជា ​ឡង់ដា ស្ថាបនិកនៃក្រុមហ៊ុន BookMeBus បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមប្រឹក្សាមូលនិធិស.អ. ដែលតែងតែយកចិត្តទុកដាក់ជំរុញដល់Tech Startup Ecosystem និងតែងតែបង្កើតឱកាសនិងលើកទឹកចិត្តដល់ Tech Startups ចូលរួមក្នុងការប្រកួតប្រជែង និងបង្ហាញសមត្ថភាពទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ លោកជឿជាក់ថា ជោគជ័យថ្មីនេះ នឹងជួយឱ្យអាជីវកម្មរបស់លោកកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BookMeBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយលោក ជា ​ឡង់ដា ហើយក្រុមហ៊ុននេះបានបន្តរីកចម្រើន   និងក្លាយជាក្រុមហ៊ុនមួយដែលឈានមុខលើប្រព័ន្ធកក់សំបុត្ររថយន្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះ ធ្លាប់បានទទួលពានរង្វាន់លេខមួយក្នុងប្រភេទពានរង្វាន់ការបង្កើតធុរកិច្ចក្នុងកម្មវិធី Cambodia ICT Awards ឆ្នាំ២០១៦, មេដាយមាសក្នុងកម្មវិធី ASEAN ICT Awards ឆ្នាំ២០១៧​ និងជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតយកពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៧ផងដែរ ហើយនាពេលថ្មីៗនេះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុនBookMebus បានឈ្នះពានរង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle) ផងដែរ។