ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងវិទ្យាស្ថានជាតិ NIPTICT បានរៀបចំពិធី ប្រគល់ពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ 2018 ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង។
ក្នុងនោះដែរក៏មានការចូលរួមដាក់បង្ហាញនូវសេវាកម្ម និងផលិតផលរបស់ ក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មីផងដែល។ កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែង ថ្នាក់ជាតិដែលផ្តល់ឱកាសក្នុងការជំរុញនវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការផ្ដល់ពានរង្វាន់ល្អបំផុតតាមវិស័យដែលបានទៅលើ៖
-ក្រុមហ៊ុនន BanhJi សម្រាប់ផ្នែកការចាប់ផ្ដើមធុរកិច្ច
-ក្រុមហ៊ុន Soyo សម្រាប់មាតិកាផ្នែកឌីជីថល
-ក្រុមហ៊ុន Morakot VB សម្រាប់វិស័យឯកជន
-អង្គការ ODC សម្រាប់ផ្នែកមាតិកាទទួលខុសត្រូវក្នុងសង្គម
-ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់វិស័យសាធារណៈ។
ពានរង្វាន់ល្អបំផុតតាមវិស័យ
ជ័យលាភីទាំងបី
ជ័យលាភីលេខ 1 ៖ Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology
ពានរង្វាន់លេខ 1 ដែលមានប្រាក់រង្វាន់ 1 ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Morakot VB (Core Banking System) ដែលជាក្រមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តោត សំខាន់លើប្រព័ន្ធធនាគារ សម្រាប់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ធនាគារ ហាងបញ្ចាំ និងប្រតិបត្តិករ ឥណទាន។
ជ័យលាភីលេខ 2 ៖ Soyo (Cambodia) បង្កើតឡើងដោយក្រុមហ៊ុន Soyo Entertainment Co., Ltd.
ពានរង្វាន់លេខ 2 ដែលមានប្រាក់រង្វាន់ ៣ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Soyo (Cambodia) ជាកម្មវិធីទស្សនាភាពយន្តដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែល បណ្តុំទៅដោយភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដ រាប់ពាន់រឿងជាមួយនឹងការប្រែ សម្រួលជាភាសាខ្មែរ។
ជ័យលាភីលេខ 3 ៖ BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG & Partners Co., Ltd.
ពានរង្វាន់លេខ 3 ដែលមានប្រាក់រង្វាន់ 2 ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន BanhJi។ BanhJi ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលផ្តោតសំខាន់ក្នុងការគាំទ្រ សហគ្រាសធុនតូចនិងមធ្យម ដើម្បីអោយពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ទទួលបាន និងធ្វើការទូទាត់វិក្ក័យបត្រលឿន ព្រមទាំងអាចទទួលបានអាកម្ចី ដោយផ្អែកលើ របាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ។
គួបញ្ជាក់ផងដែរថាក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង 3 នឹងត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ក្នុងកម្មវិធី Echelon Summit 2018 នៅប្រទេសសិង្ហបុរី និងចូលរួមប្រកួតបន្ត សម្រាប់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Award) ។