វេទិកាស្តីពីសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន

1150

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំ វេទិកាស្តីពីសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (Tech Startup) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី  ក្រោមអធីបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។  វេទិកានេះ គឺជាវេទិកាជាលើកទី២ បន្ទាប់ពីវេទិកាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដែលមានកិច្ចសហការរៀបចំរួមគ្នារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រពីសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) សហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រុមហ៊ុន Smart Axiata ដោយប្រើប្រាស់កញ្ចប់ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព​ និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.)។

វេទិកានេះមានអ្នកចូលរួមប្រមាណ២៣០នាក់ និងមានវាគ្មិនល្បីៗ ជាច្រើនរូបមកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម ជាពិសេស វាគ្មិនពីក្រុមហ៊ុនបច្ចេកវិទ្យាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ អ្នកប្រឹក្សាខាងអាជីវកម្ម ប្រតិបត្តិករទូរគមនាគមន៍ វិនិយោគិន គ្រឹះស្ថានអប់រំផ្នែកបច្ចេកទេសនិងជំនួញ អ្នកស្រាវជ្រាវ និងសហគមន៍នានាចម្រុះជាតិសាសន៍ដែលពួកគាត់នឹងចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈនិងយោបល់ដល់អ្នកចូលរួម ដើម្បីបង្កើតយុទ្ធសាស្ត្រ និងគោលនយោ​បាយ​ពីការចាប់ផ្តើមគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចក្នុងវិស័យICT ជាពិសេស ការជំរុញដល់សហគ្រាសធុនតូច និងមធ្យមប្រើប្រព័ន្ធឌីជីថលដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់នៃការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ដើម្បីជំរុញដល់សហគ្រាសធុនតូច​និងមធ្យមឆ្ពោះទៅកាន់ឌីជីថល ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជំរុញលើបញ្ហាគន្លឹះ 0៣ – ទី១/ ការបង្កើតប្រព័ន្ធអេកូសម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ​និងក្រុមហ៊ុន ចាប់ផ្តើមធុរកិច្ចថ្មី​ ICT ទី២/ គោលនយោបាយនានាដែលមានលក្ខណៈនវានុវត្តន៍ គឺជាការកសាងគោលនយោបាយមួយដែលមានការចូលរួម ដោយសមាសភាពពាក់ព័ន្ធ​​ដែលនឹងទទួលផល ពីគោលនយោបាយ​​ និងប្រមូលធាតុចូលពីក្រោមមកលើ ជាជាងការកសាងគោលនយោបាយក្នុងលក្ខណៈប្រពៃណី​ និង ទី៣/ ការគៀងគរទុនវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យម​ ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី​​ ICT។

ថ្លែងក្នុងកម្មវិធីបើកវេទិកានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា៖ សហគ្រាសធុនតូច និងមធ្យម ​គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។​ សហគ្រាសធុនតូចនិងមធ្យមមានអាជីវកម្មគ្របដណ្តប់ច្រើនជាង៩៥% ក្នុងពិភពលោកដែលក្នុងនោះបង្កើតការងារចំនួន ២/៣ នៃទីផ្សារពលកម្ម។ ម្យ៉ាងទៀត តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងអាជីវកម្មអាចនាំមកនូវចំណូល​ប្រមាណ ៦២៥ប៊ីលានដុល្លារអាមេរិកក្នុង១ឆ្នាំ ដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននៅឆ្នាំ២០៣០។ ដូច្នេះហើយសហគ្រាសធុនតូច និងមធ្យមមានសក្តានុពល ដើម្បីទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា ដែលសហគ្រាសខ្លួនឯងតែងមានបញ្ហាប្រឈម ហើយអាចដោះស្រាយបញ្ហាទាំងនេះ ដូចជាការបង្កើតបណ្តាញអាជីវកម្មរបស់ខ្លួនចូលទៅក្នុងពិភពលោក ឬជំរុញផលិតផលក្នុងទីផ្សារបរទេសជាដើម។​​​

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ បាន​មាន​ប្រសាសន៍ថា ដើម្បីជំរុញការងារនេះបន្តទៀត​ វិទ្យាស្ថានជាតិ​ NIPTICT នៃក្រសួងប.ទ​ កំពុងរៀបចំបង្កើតកម្មវិធី​គាំទ្រ​ ដោយប្រើប្រាស់មូលនិធិស.អ. ​​ដូចជា បង្កើតក្រុមអ្នកប្រឹក្សាយោបល់ (Mentorship) កម្មវិធី Incubator និង Accelerator ក៏ដូចជាមូលនិធិសម្រាប់ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីស្នើសុំ ដើម្បីបង្កើតដំណោះស្រាយ ឬកម្មវិធីអាជីវកម្មលើអ៊ីនធឺណែត ដូចជា e-Commerce សម្រាប់គាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជា​ឆ្ពោះទៅកាន់ឌីជីថល ឲ្យទទួលបានកម្រិតជោគជ័យខ្ពស់។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក (NIPTICT) បានលើកឡើងថា៖ វិទ្យាស្ថានជាតិ និបទីក មានមោទនភាពដែលបានសហការជាមួយ សភា​ពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំកម្ពុជា និង​ក្រុមហ៊ុន Smart Axiata ក្នុងការរៀបចំវេទិកានេះហើយមានគោលបំណង​ផ្តល់នូវកាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម​ ព្រមទាំង ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីក្នុងវិស័យ ICT ក្នុងការតភ្ជាប់ ចែករំលែកបទពិសោធន៍ សហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងការប្រកួតប្រជែងកាន់តែប្រសើរក៏ដូចជាជំរុញដល់ការបង្កើតក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (Tech Startups) ឲ្យបានកាន់តែច្រើនឡើង ជាពិសេស គាំទ្រក្រុមហ៊ុនទាំងនោះនូវការពង្រីកអាជីវកម្មទៅកម្រិតតំបន់ និងពិភពលោក។

វេទិកាបានពិភាក្សាយ៉ាងផុសផុល ដែលផ្តោតជាសំខាន់លើ  ទី១/ តួនាទី និងការសម្របសម្រួលរវាងស្ថាប័នរបស់ រាជរដ្ឋាភិបាល និងការកាត់បន្ថយបទបញ្ញតិនានាក្នុងការបង្កើត និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី កិច្ចថ្មី ទី៣/ ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម បច្ចេកវិទ្យាហិរញ្ញវត្ថុ ការគៀងគរមូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី និងទី៤/ កម្មវិធីគាំទ្រ ដែលជាគន្លឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ ICT។

ឯកសារបទបង្ហាញរបស់វាគ្មិន

-Session 1: Government’s Roles, Coordination and Ease of Regulations to Support SMEs and Tech Start-ups : Download

-Session 2: SMEs go  Digital : Download

-Session 3: Access to Financing for tech start-up and SMEs : Download

-Session 4: Mapping Startup Ecosystem : Download

-Session 4: Digital trend in Cambodia : Download